៣ថ្ងៃ! កម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ២៩នាក់ ពាក់ព័ន្ធបទល្មើស១១ករណី

(ភ្នំពេញ)៖ ជនសង្ស័យ២៩នាក់ ពាក់ព័ន្ធបទល្មើស១១ករណី មានប្លន់, ហិង្សា, លួច, ជួញដូរមនុស្ស និងចាប់បង្ខាំងដោយខុសច្បាប់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបបាន និងយកមកបង្ហាញមុខ ជាសាធារណៈ។ សន្និសីទសារព័ត៌មានបង្ហាញមុខនេះ បានធ្វើឡើងនៅ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានប្រាប់ភ្នាក់ងារ ឲ្យដឹងថា ដោយទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យកម្លាំងសមត្ថកិច្ចជំនាញទាំង១៤ខណ្ឌ ធ្វើការស្រាវជ្រាវបង្រ្កាបបទល្មើស ដែលមានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃ៦ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ដែលជាលទ្ធផល បង្ក្រាបបានសរុប១១ករណី ឃាត់ខ្លួនមនុស្សចំនួន២៩នាក់ សារធាតុញៀន៧នាក់ ក្នុងនោះមាន (លួច៦ករណី ឃាត់៨នាក់, ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ៣ករណី ឃាត់១២នាក់, ប្លន់១ករណី ឃាត់៣នាក់, អំពើលក់-ដូរមនុស្ស-ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់១ករណី ឃាត់ខ្លួន៧នាក់។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា បានបញ្ជាក់ទៀតថា សម្រាប់កម្លាំងប្រតិបត្តិការតាមចាប់មុខសញ្ញាទាំងនេះ រួមមាន ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល, អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ, អធិការដ្ឋាននគរបាលខណ្ឌដង្កោ, អធិការដ្ឋាននគរបាលខណ្ឌកំបូល, អធិការដ្ឋាននគរបាលខណ្ឌមានជ័យ, អធិការដ្ឋាននគរបាលខណ្ឌចំការមន និងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។
ក្រោយបង្ហាញមុខជាសាធារណៈជនសង្ស័យទាំង២៩នាក់រួចមក ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមនីតិវិធីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង