មួយគ្រួសារស្លាប់ ៣នាក់ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យឆាបឆេះរថយន្តដឹកប្រេង១គ្រឿង ស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ យប់ មានករណីអគ្គិភ័យឆេះរថយន្តដឹកប្រេងចំនួន០១គ្រឿង រួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋស្ថិតនៅចំណុច ភូមិព្រែកប្រស់ ឃុំ ទឹកថ្លា ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ។

ករណីអគ្គីភ័យនេះបណ្តាលឲ្យ រងការខូចខាតរួមមាន៖ ឆេះរថយន្តដឹកប្រេងចំនួន០១គ្រឿងរបស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខភ្នំពេញ 4A-2820 ឆេះក្បាលរថយន្ត (អស់ទាំងស្រុង) និងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង អស់ទាំងស្រុង,ម៉ូតូចំនួន០៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន៥មុឺនដុល្លារ ព្រម ទាំងបណ្ដាលឱ្យស្លាប់មនុស្សចំនួន០៣នាក់។
ម្ចាស់ផ្ទះរងគ្រោះ៖,- ម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ុត ភាព ភេទ ស្រី អាយុ ៤៩ ឆ្នាំ មុខរបរ កម្មកររោងចក្រ ផ្ទះសង់អំពីឈើដំបូលប្រក់សង្ក័សីមានទំហំទទឹង០៤ម៉ែត្រ × បណ្ដោយ០៦ម៉ែត្រ (អអស់ទាំងស្រុងនិងម្ចាស់ផ្ទះទី២ ឈ្មោះ មន ភក្ដី ភេទ ប្រុស អាយុ ៤០ ឆ្នាំ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ បាត ស្រីមុំ ភេទ ស្រី អាយុ ៣៥ ឆ្នាំ មុខរបរ លក់ដូរ ផ្ទះសង់អំពីថ្ម ដំបូលប្រក់សង្ក័សី មានទំហំទទឹង០៧ម៉ែត្រ×បណ្ដោយ១៥ម៉ែត្រ (ឆេះផ្ទះអស់ទាំងស្រុង) និងបណ្ដាលឲ្យឆេះគ្រោះថ្នាក់ដល់កូនស្លាប់ចំនួន០៣នាក់រួមមានៈ
១. ឈ្មោះ យ៉ារី សុខសិលា ភេទ ប្រុស អាយុ ១៨ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)),២.ឈ្មោះ ភក្ដី រីតា ភេទស្រី អាយុ ១៥ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និង,៣. ឈ្មោះ ភក្ដី សំមេន ភេទ ប្រុស អាយុ ១៣ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងម្ដាយឈ្មោះ បាត ស្រីមុំ អាយុ ៣៥ ឆ្នាំ (រងរបួសស្រាល) ។
តាមការបំភ្លឺរបស់ឈ្មោះ ភក្ដី គារ៉ា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះបានបញ្ជាក់ថា មុនពេលកើតហេតុរូបគាត់កំពុងបង្ហូរសាំងដាក់ប៊ីដុងពីរថយន្តដឹកប្រេង ដែលអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន CLEAN ENERGlESបានបង្ហូរសាំងលក់ឱ្យទៅម្ចាស់ផ្ទះខាងលើរួចគាត់បានបង្ហូរសាំងបានចំនួន០២ប៊ីដុង ក៏លើកយកមកទុកក្នុងផ្ទះ រួចហើយក៏បានបង្ហូរសាំងបន្ថែមទៀតទើបតែបានកន្លះប៊ីដុង ។ ពេលនោះដែរម្ដាយរបស់គាត់ក៏កំពុងអាំងងាវហូបនៅពីមុខផ្ទះ ភ្លាមៗនោះស្រាប់តែឆាបឆេះជាអគ្គិភ័យកើតឡើងតែម្ដង។
ករណីអគ្គិភ័យខាងលើកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ២គ្រឿង បានប្រើប្រាស់ទឹកអស់៣រថយន្ត ស្មើនឹង១២ មម៉ែត្រគូនិង រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត កំពតចំនួន០២គ្រឿង បានប្រើប្រាស់ទឹកអស់២រថយន្ត ស្មើនិង៨ម៉ែត្រគូប៕

អត្ថបទដែលជាប់ទាក់ទង