សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រុងតាខ្មៅ

(កណ្តាល)៖ នៅថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្បស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ។
របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាប្រព័ន្ធលូបង្ហូរ និងប្រព័ន្ធចម្រោះទឹកកខ្វក់ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ នឹងត្រូវរៀបចំឡើងជាប្រព័ន្ធញែកដោយឡែករវាងទឹកភ្លៀង និងទឹកកខ្វក់ ដែលក្នុងនោះមានការងារសាងសង់ធំៗចំនួន២ រួមមាន៖
១៖ ការងារសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងនោះរួមមាន៖ ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រុះតាមបែបធម្មជាតិ (Waste Stabilization Pond) លើផ្ទៃដីទំហំ ៣០ហិកតា ដែលមានសមត្ថភាពចម្រុះទឹកកខ្វក់ចំនួន ១២,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ, ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ៧កន្លែង និងបណ្ដាញលូទឹកកខ្វក់គ្រប់ប្រភេទប្រវែងសរុប ១២៥គីឡូម៉ែត្រ, ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធ ប្រព្រឹត្តកម្មទឹកកខ្វក់ ដែលគ្របដណ្តប់តំបន់សេវាចំនួន ៦សង្កាត់ រួមមានសង្កាត់កំពង់សំណាញ់ សង្កាត់ដើមមៀន សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ស្មើនឹងផ្ទៃដី ប្រមាណ ៩៧៤ហិកតា ក្នុងក្រុងតាខ្មៅ។
២៖ ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ ក្នុងនោះរួមមាន៖ ការសាងសង់បណ្តាញលូរំដោះ ទឹកភ្លៀងដោយដាក់លូប្រអប់ និងលូមូលតាមបណ្ដោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូម៉ែត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកភ្លៀង ២កន្លែង ព្រមទាំងបណ្ដាញលូរំដោះទឹកភ្លៀងមួយចំនួនទៀតក្នុងក្រុងតាខ្មៅ។
គម្រោងនេះក៏មានរួមបញ្ចូលផងដែរ នូវការហ្វឹកហាត់ប្រតិបត្តិការ និងថែទាំរយៈពេល១ឆ្នាំ សម្រាប់ការបង្កើន និងពង្រឹងសមត្ថភាពមន្ត្រីបុគ្គលិកអង្គភាពទទួលខុសត្រូវលើការងារប្រតិបត្តិការ និងថែទាំប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់។
គម្រោងនេះនឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសហអាជីវកម្ម KUMHO-TECHCROSS និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសហអាជីវកម្ម DOHWA-SEOYOUNG ដែលមានតម្លៃកិច្ចសន្យាសរុបជាង ៩០លានដុល្លារអាម៉េរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ និងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ដោយគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧។
ក្រោយពីបញ្ចប់ការសាងសង់សមិទ្ធផលទាំងនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុង៦សង្កាត់នៃក្រុងតាខ្មៅ និងការជួយកាត់បន្ថយនូវជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។ ជាងនេះទៀត គម្រោងនេះក៏នឹងជួយជំរុញការវិនិយោគ សកម្មភាពពាណិជ្ជកម្ម និងការអភិវឌ្ឍលំនៅឋាន នៅក្នុងតំបន់ជុំវិញនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង