ក្រុមមន្ត្រីជំនាញ នៃក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យថែទាំស្ថានីយជលសាស្ត្រ ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ ក្រុមមន្ត្រីជំនាញរបស់នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ និងស្ថានីយវាស់បរិមាណទឹកភ្លៀងស្វ័យប្រវត្តិ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ក្នុងដំណើរបេសកកម្មនេះ ក្រុមមន្ត្រីជំនាញបានចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន៤ កន្លែងរួមមាន៖ ១)ស្ថានីយជលសាស្ដ្រកណ្ដៀង ស្ថិតក្នុងភូមិចារឹក ឃុំស្យា ស្រុកកណ្ដៀង ទី២)ស្ថានីយជលសាស្ដ្រក្បាលហុង ស្ថិតក្នុងភូមិក្បាលហុង ឃុំវាល ស្រុកកណ្ដៀង ទី៣)ស្ថានីយជលសាស្ដ្រវាលវែង ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង និងទី៤)ស្ថានីយជលសាស្ដ្រដំណាក់អំពិល ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ។
ទន្ទឹងនឹងនេះដែរ ក្រុមការងារក៏បានចុះពិនិត្យថែទាំស្ថានីយវាស់បរិមាណទឹកភ្លៀងស្វ័យប្រវត្តិចំនួន៤ កន្លែងផងដែរ រួមមាន៖ ទី១)ស្ថានីយតម្រងទឹកភ្លៀងបាក់ត្រា ស្ថិតក្នុងភូមិអូរបាក់ត្រា ឃុំប្រងិល ស្រុកភ្នំក្រវាញ ទី២)ស្ថានីយតម្រងទឹកភ្លៀងតាដែស ស្ថិតក្នុងភូមិតាដែស ឃុំសំរោង ស្រុកភ្នំក្រវាញ ទី៣)ស្ថានីយតម្រងទឹកភ្លៀងរវៀង ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ និងទី៤)ស្ថានីយតម្រងទឹកទួលគ្រួស ស្ថិតក្នុងភូមិចារឹក ឃុំប្រម៉ោយ ស្រុកវាលវែង ។
សូមបញ្ជាក់ថា ក្នុងពេលចុះថែទាំស្ថានីយជលសាស្ត្រស្វ័យប្រវត្តិ និងស្ថានីយវាស់បរិមាណទឹកភ្លៀងស្វ័យប្រវត្តិ ក្រុមការងារក៏បានត្រួតពិនិត្យទិន្នន័យវាស់ដោយឧបករណ៍វាស់កម្ពស់ទឹក និងតម្រងទឹកភ្លៀង លាងសម្អាតឧបករណ៍វាស់បរិមាណទឹកភ្លៀង ត្រួតពិនិត្យឧបករណ៍វាស់កម្ពស់ទឹក ព្រមទាំងកាប់មែកឈើ សម្អាតស្មៅនៅជុំវិញបរិវេណស្ថានីយផងដែរ៕