នាយឧត្តមសេនីយ៍ ទៀ វិញ ៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជននាំឲ្យកម្ពុជា មានសុខសន្តិភាពនិងការអភិវឌ្ឍជាបន្តបន្ទាប់
ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីកាត់ខ្សែបូរណ៍សម្ភោធដាក់អោយប្រើប្រាស់កុដិព្រះមេគណឈាបនដ្ឋាន សាលាបុណ្យ ផ្លូវលំ និងសមិទ្ធផលនានា ក្នុងវត្តជោតញ្ញាណ ដែលស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការក្រសួងការពារជាតិបានរំលិចអំពីគុណតម្លៃនៃសុខសន្តិភាព ខណៈសន្តិភាពនេះហើយបានធ្វើ ឲ្យកម្ពុជាមានការអភិវឌ្ឍជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍បានបញ្ជាក់ថា ស្ថិតក្រោមដំបូលសន្តិភាព ប្រទេសជាតិមានការរីកចម្រើនជាលំដាប់ពីមួយថ្ងៃ ទៅមួយថ្ងៃ ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារធំៗ ផ្លូវថ្នល់ ស្ពានធំៗ ជាច្រើនត្រូវបានកសាងជាបន្តបន្ទាប់ ពិសេសជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋកាន់តែធូរធារជាលំដាប់ ស្ថិតក្រោមការដឹកនាំតាមមាគ៌ាដ៏ត្រឹមត្រូវ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ ជាក់ស្ដែងដូចថ្ងៃនេះយ៉ាងដូច្នេះឯង សមិទ្ធផលនានានៅក្នុងវត្តជោតញ្ញាណបានកសាងរួចរាល់ជាស្ថាពរ និងដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។
ឯកឧត្តមបានបន្ថែមថា ក្រោមមម្លប់សន្តិភាព នេះហើយនាំឳ្យខេត្តកោះកុង របស់យើងមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០ អាកាសយានដ្ឋាន កំពង់ផែទឹកជ្រៅ កំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់ តំបន់សេដ្ឋកិច្ចពិសេស ការសាងសង់នូវស្តូប អនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង, សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងហេដ្ឋារចនាសម្ព័ន្ធ ដ៏ទៃទៀតសម្រាប់បម្រើដល់ វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងសម្រាប់បម្រើសេចក្ដីត្រូវការ និងលើកស្ទូយជីវភាពប្រជាជននៃ ខេត្តកោះកុងទាំងមូល។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ ក៏បានអំពាវនាវដល់ដល់ពុទ្ធបរិស័ទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្រុងខេមរភូមិន្ទទាំងអស់គប្បីរួមគ្នាបន្តថែរក្សា និងការពារនូវសុខសន្តិភាព នេះឲ្យខាងតែបាន ខណៈមានសុខសន្តិភាពនេះហើយដែលបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានភាពសុខ សាន្ត និងជីវភាពរីកចម្រើនជាបន្តបន្ទាប់នោះ។
សូមបញ្ជាក់ថា កុដិព្រះមេគណឈាបនដ្ឋាន សាលាបុណ្យ ផ្លូវលំ និងសមិទ្ធផលនានា ក្នុងវត្តជោតញ្ញាណនេះ គឺបានចាប់ផ្ដើមកសាងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទិ២២ ខែមេសា ឆ្នាំ២០២៥ រយៈពេល៤ខែ ដោយបានចំណាយថវិកាអស់ ៥៧០០០ដុល្លារអាមេរិក៕