អបអរសាទរ! ព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជាផ្លូវការ ខណៈសល់ ២ប្រកួតក្នុងដៃ
(ភ្នំពេញ)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានការពារតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ដោយជោគជ័យ មុនបញ្ចប់រដូវកាល បន្ទាប់ពីយកឈ្នះក្រុមណាហ្គាវើលដ៏ ២-១ ក្នុងជំនួបសប្ដាហ៍ទី៣១ នៅព្រលប់ថ្ងៃទី៣០ ខែមេសានេះ នៅកីឡដ្ឋានខេត្តស្វាយរៀង ។
ការប្រកួតដែលបានលើកពេលពីថ្ងៃទី១០ ខែឧសភា មកប្រកួតនៅចុងខែមេសានេះ ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខក្រុមភ្ញៀវ ១គ្រាប់មុន ដែលធ្វើសម្រេចដោយកីឡាករ Cristian Dos Santos នៅនាទី១៦ មុនណាហ្គាវើលដ៏ រកបានគ្រាប់តាមស្មើ នៅនាទី៥០ ដោយកីឡាករ Hugo Kametani។ បន្ទាប់ពីមកក្រុមទាំងពីរ បានបន្ដវាយសម្រុកគ្នា រហូតដល់ចុងម៉ោង ទើបកីឡាករ Odawara ស៊ុតបន្ថែមគ្រាប់ទី២ នៅនាទី៩០+៧ ដែលជាគ្រាប់ជ័យជម្នះតែម្ដង ។
ជ័យជម្នះនេះ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាង ដោយរកបាន ៧៣ពិន្ទុ និងសល់ ២ប្រកួតក្នុងដៃ នាំមុខក្រុមភ្នំពេញក្រោន ដែលឈរលេខ២ និងសល់ ៣ប្រកួតក្នុងដៃ ចំនួន ១០ពិន្ទុ ។ ការណ៍នេះ នាំឲ្យក្រុមការពារតំណែងជើងឯកនេះ ក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ជាផ្លូវការ មុនបញ្ចប់រដូវកាល៕