លោក ថាច់ សុវណ្ណា អញ្ជើញចូលរួមវេទិកាថ្នាក់តំបន់ស្ដីពី “ដំណើរទៅកាន់ភាពធន់នឹងអាកាសធាតុ៖ សុវត្ថិភាពទឹក និងអនាម័យនៅអាស៊ី-ប៉ាស៊ីហ្វិក” ក្នុងទីក្រុងបាងកក ព្រះរាជាណាចក្រថៃ
លោក ថាច់ សុវណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមវេទិកាថ្នាក់តំបន់ស្ដីពី “ដំណើរទៅកាន់ភាពធន់នឹងអាកាសធាតុ៖ សុវត្ថិភាពទឹក និងអនាម័យនៅអាស៊ី-ប៉ាស៊ីហ្វិក” នៅទីស្នាក់ការតំបន់អង្គការ UN ESCAP ក្នុងទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដែលរៀបចំឡើងដោយមានកិច្ចសហការរវាងដៃគូសំខាន់ៗ រួមមាន Water for Women, Australian Aid, International Water Center, Griffth University of Queensland ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។
សូមជម្រាបថា ក្នុងវេទិកានេះមានប្រធានបទជាច្រើនដែលផ្តោតលើ៖ ១)គោលនយោបាយដើម្បីអភិវឌ្ឍប្រព័ន្ធទឹកនិងអនាម័យដែលរួមបញ្ចូល និងធន់នឹងអាកាសធាតុ ២)ការធ្វើផែនការដោយផ្អែកលើទិន្នន័យ និងការចូលរួមរបស់សហគមន៍ ៣)បង្កើនការយល់ដឹងអំពីតំណភ្ជាប់រវាង WASH, អាកាសធាតុ និងសមធម៌សង្គម ៤)ភាពសមធម៌យេនឌ័រ និងការចូលរួមរបស់មនុស្សមានពិការភាព ៥)ដំណោះស្រាយផ្អែកលើធម្មជាតិ និងប្រព័ន្ធអេកូស៊ី ៦)ម៉ូឌែលហិរញ្ញវត្ថុ និងរដ្ឋបាល ៧)ការអភិវឌ្ឍដឹកនាំដោយសហគមន៍ និងបច្ចេកវិទ្យាឌីជីថល ៨)សេវាទឹកអនាម័យធន់នឹងអាកាសធាតុសម្រាប់មណ្ឌលសុខភាព និងតំបន់ជនបទ និង ៩)ការតាំងពិពណ៌ ដើម្បីជំរុញការចែករំលែកចំណេះដឹង និងភាពជាដៃគូ។
លោក ថាច់ សុវណ្ណា បានបញ្ជាក់ឱ្យដឹងថា គោលបំណងចម្បងនៃវេទិកានេះ គឺដើម្បីជំរុញឱ្យមានការរីកចម្រើនលើប្រព័ន្ធទឹក និងអនាម័យ(WASH) និងមានសមត្ថភាពធន់នឹងអាកាសធាតុ ហើយ•អ្នកចូលរួមមកពីជាង ២០ ប្រទេសនឹងពិភាក្សាពីវិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាសុវត្ថិភាពទឹកក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋានបានបញ្ជាក់បន្ថែមថា វេទិកានេះបង្ហាញឱ្យឃើញថាតំបន់អាស៊ីប៉ាស៊ីហ្វិកមានបំណងច្បាស់លាស់ក្នុងការធ្វើការជាដៃគូ ដើម្បីបង្កើនសមត្ថភាពប្រព័ន្ធទឹក និងអនាម័យ ដែលអាចប្រឈមមុខនឹងបញ្ហាអាកាសធាតុ និងជួយឱ្យសហគមន៍មានជីវភាពរីកចម្រើន។ លើសពីនេះ ក្នុងវេទិកាក៏បានអនុញ្ញាតឱ្យបណ្តាប្រទេសដែលចូលរួមធ្វើការចែករំលែកបទពិសោធន៍លើការងារទឹក និងអនាម័យក្នុងប្រទេសរៀងៗខ្លួនផងដែរ៕