សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ ពីបទរំលោភលើទំនុកចិត្ត ស្រាប់តែបក្សពួកជនសង្ស័យមានកាំភ្លើងបាញ់មកលើសមត្ថកិច្ច សមត្ថកិច្ចប្រើប្រាស់វិធានការការពារខ្លួនបាញ់តបត បណ្តាលឱ្យរបួសជនសង្ស័យម្នាក់ ស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២៥ វេលាម៉ោង០៩ និង៣០ នាទី បានចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៤៧ ចុះថ្ងៃទី១០ ខែតុលាឆ្នាំ២០២៣ ចេញដោយលោក ចុក ងួន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង អោយចាប់ខ្លួនឈ្មោះ អ៊ុច អ៊ាន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ។

សមត្ថកិច្ចសហការគ្នាចុះទៅអនុវត្តតាមដីកាតុលាការនោះ មុខសញ្ញាមានដីកាចាប់ខ្លួនឈ្មោះ អ៊ុច អ៊ាន មានបក្សពួកចំនួន០៣នាក់ ១.ឈ្មោះមាក សាំសូរិយា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីំលំនៅភូមិកណ្ដាល ឃុំគ្រួស (ម្ចាស់ផ្ទះ) ២.ឈ្មោះ នី កក្ដដា ហៅច្រាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រសាំងជ្រំ ឃុំគ្រួស និង៣-ឈ្មោះ អ៊ុច អ៊ាន មិនសហការជាមួយសមត្ថកិច្ច ដោយមានកាន់កាំភ្លើងខ្លីពណ៌ខ្មៅមួយដើម បានបាញ់មកលើសមត្ថកិច្ចជាច្រើនគ្រាប់ ហើយរត់គេចខ្លួនចូលទៅពួនក្នុងផ្ទះ ឈ្មោះមឿង សាវុន ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិកណ្តាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បន្ទាប់មកលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង និងលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោស្នងការ និងមានការអនុញ្ញាតពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង អោយសមត្ថកិច្ចដាក់កម្លាំងឡោមព័ទ្ធរកគ្រប់វិធីចាប់ខ្លួនមុខសញ្ញា រហូតដល់ម៉ោង១៣ៈ៤៥នាទី ទើបសមត្ថកិច្ចយើងឃាត់ខ្លួនមុខសញ្ញាទាំង០៣នាក់ខាងលើបាន នៅពេលចូលទៅឃាត់ខ្លួនមុខសញ្ញាឈ្មោះ អ៊ុច អ៊ាន នោះសមត្ថកិច្ចបានប្រើប្រាស់វិធានការ ការពារខ្លួនបាញ់តបតទៅវិញដើម្បីរំដោះខ្លួនពីការបាញ់របស់មុខសញ្ញា បណ្តាលឲ្យឈ្មោះ អ៊ុច អ៊ាន មានរបួសស្នាមត្រង់ដៃខាងឆ្វេង បច្ចុប្បន្នឈ្មោះអ៊ុច អ៊ាន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។
ចំណែកជនសង្ស័យឈ្មោះមាក សាំសូរិយា និងឈ្មោះនី កក្ដដា សមត្ថកិច្ចបាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសួរនាំ។
ជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា កន្លងមកពួកខ្លួនបានដឹងថាឈ្មោះអ៊ុច អ៊ាន ធ្លាប់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិគេជាច្រើនលើក ពេលលួចបានជួនកាលយកលុយមកប៉ាវពួកខ្លួនផឹកស៊ី និងបានដឹងថា ឈ្មោះ អ៊ុច អ៊ាន មានកាំភ្លើងប្រើប្រាស់ តែពួកខ្លួនលាក់មិនប្ដឹងសមត្ថកិច្ចណាទេ ។ សមត្ថកិច្ចយើងបានធ្វើតេស្ដទឹកមូត្រជនសង្ស័យទាំង០២នាក់លទ្ធផល វិជ្ជមាន(+)។
សមត្ថកិច្ចយើងបានដកហូតវត្ថុតាងកាំភ្លើងខ្លីមិនស្គាល់ម៉ាក ពណ៌ខ្មៅចំនួន០១ដើម ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ៕

អត្ថបទដែលជាប់ទាក់ទង