ព្រឹទ្ធសភា៖ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ លោក មួង ប៉យ បានទទួលមរណភាព នៅថ្ងៃទី២៦ ខែមេសានេះ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ
(ភ្នំពេញ)៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោកស្តាយក្ដុកក្ដួល ក្រៀមក្រំជាទីបំផុតដោយ លោក មួង ប៉យ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) បានទទួលមរណភាពនៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។
សពលោក មួង ប៉យ តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅគេហដ្ឋាន លេខ១៤៣ ផ្លូវក៣ ភូមិទេសអន្លូង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕