ក្រសួងសាធារណការ ការចុះពិនិត្យស្ថានភាពស្ពានថ្មចាស់ ឆ្លងកាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ ក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពស្ពានថ្មចាស់ឆ្លងកាត់ស្ទឹងសង្កែ តភ្ជាប់ពីផ្លូវក្រុងលេខ១ ទៅវិថីសម្ដេចក្រឡាហោម ដែលមានទីតាំងស្ថិតនៅខាងមុខអគារចាស់សាលាខេត្ត ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចុះពិនិត្យនេះ ក៏មានកាអញ្ជើញចូលរួមផងដែរពី ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងតំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ។
បើតាមក្រសួងសាធារណការ ការចុះពិនិត្យស្ថានភាពស្ពានថ្មចាស់នេះ ធ្វើឡើងតាមរយៈការស្នើសុំ របស់រដ្ឋបាលខេត្តបាត់ដំបង ក្នុងគោលបំណងសិក្សាពីស្ថានភាព និងគុណភាពស្ពានជាក់ស្ដែងក្នុងន័យទទួលបានទិន្នន័យលម្អិតផ្នែកបច្ចេកទេស ដើម្បីស្វែងរកវិធីសាស្ត្រពង្រឹងគុណភាព និងលទ្ធភាពទ្រទ្រង់របស់ស្ពាន ដែលអាចបន្តការប្រើប្រាស់បានជាប្រយោជន៍សាធារណៈសម្រាប់បងប្អូនប្រជាពលរដ្ឋថ្មើរជើងឆ្លងកាត់ និងការដើរហាត់ប្រាណផងដែរ។
សូមជម្រាបជូនផងដែរថា ស្ពានឆ្លងកាត់ស្ទឹងសង្កែ ត្រូវបានកសាងឡើងក្នុងអំឡុងឆ្នាំ១៩១៦ នាសម័យអាណានិគមនិយមបារាំង កន្លងមកដោយពិនិត្យឃើញស្ថានភាពចាស់ទ្រុឌទ្រោម និងផ្ទៃបេតុងមានស្នាមប្រេះស្រាំនៃស្ពានថ្មចាស់នេះ រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទការប្រើប្រាស់លែងឱ្យរថយន្ត ឬទោចក្រយានយន្ត និងថ្មើរជើងដើរឆ្លងកាត់ ដោយខ្លាចមានគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ៕