ឃ្លាំងស្តុកអុីវ៉ាន់ ផលិតផលសម្រេច ពីគ្រឿងជ័រ នៅរោងចក្រ ហុងហ្វា ប្លាស្ទិច ត្រូវបានអគ្គិភ័យឆាបឆេះ អស់ទាំងស្រុង ចំនួន១អគារ
ខេត្តតាកែវ ៖ កាលពី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឃ្លាំងស្តុកអុីវ៉ាន់ ផលិតផលសម្រេច ពីគ្រឿងជ័រ នៅរោងចក្រ ហុងហ្វា ប្លាស្ទិច ត្រូវបានអគ្គិភ័យឆាបឆេះ អស់ទាំងស្រុង ចំនួន១អគារ ក្នុងចំណោម៣អគារ នៅតាមផ្លូវជាតិលេខ២ ភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។
ឃ្លាំងដែលអគ្គិភ័យឆាបឆេះ សង់ពីគ្រោងដែក ប្រក់ស័ង្កសី ទំហំ២០ម៉ែត្រx៦០ម៉ែត្រ ស្មើនឹង១២០០ម៉ែត្រការ៉េ ខូចខាតអស់ទាំងស្រុង ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ឃ្លាំងស្តុកអុីវ៉ាន់ ផលិតផល គ្រឿងជ័រ ស្នោ របស់រោងចក្រខាងលើមានចំនួន៣អគារជាប់គ្នា ហើយនៅវេលាម៉ោងខាងលើ ត្រូវបានអគ្គិភ័យឆាបឆេះអស់១អគារទាំងស្រុង ។ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង របស់ស្នងការខេត្ត២គ្រឿង រថយន្តអធិការដ្ឋានស្រុកបាទី១គ្រឿង រថយន្តអធិការដ្ឋានស្រុកព្រៃកប្បាយ១គ្រឿង និងរថយន្តស្នងការខេត្តកណ្តាល៣គ្រឿង ចេញទៅអន្តរាគមន៍ ហើយចំពោះមូលហេតុ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ៕