Banner Detail Top

មហាជនចាប់អារម្មណ៍ទៅអ្នកគ្រូមួយរូប ដោយបានបង្ហោះរូបភាពប៉ុន្មានសន្លឹកពីការខ្វះខាតដូចជា តុអង្គុយ និងអគារសិក្សា នៅតាមគណនីមួយមានឈ្មោះថា «កែវ ចិន្ថា»

ខេត្តកំពង់ធំ ៖ កាលពេលថ្មីៗនេះ មានរឿងមួយដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ទៅអ្នកគ្រូមួយរូប ដោយបានបង្ហោះរូបភាពប៉ុន្មានសន្លឹកពីការខ្វះខាតដូចជា តុអង្គុយ និងអគារសិក្សា នៅតាមគណនីមួយមានឈ្មោះថា «កែវ ចិន្ថា» ដែលត្រូវគេស្គាល់ថា គឺជាគ្រូបង្រៀននោះ បាននិយាយប្រាប់ឱ្យដឹងថា «ខ្ញុំបង្រៀននៅសាលាកំសត់១នេះ ជិត១៧ឆ្នាំមកហើយ ចំនួនសិស្សចេះតែកើនរាល់ឆ្នាំ តែសាលារៀនមានតែ១អគារដដែល»។
អ្នកគ្រូបន្តថា «ដោយសារតែខ្វះថ្នាក់ ទើបត្រូវប្តូរវេនគ្នាបង្រៀនព្រឹកល្ងាច ក៏នៅតែខ្វះថ្នាក់រៀន សិស្សខ្លះត្រូវរៀននៅក្នុងបណ្ណាល័យ ហើយត្រូវអង្គុយផ្ទាល់ដី ដោយក្រាបសរសេរអក្សរ (អាចប៉ះពាល់ដល់ឆ្អឹងខ្នងសិស្សដែរ)។ សិស្សខ្លះទៀត ត្រូវអង្គុយរៀននៅក្នុងទីចាត់ការបន្ទប់តែមួយ តែអ្នកគ្រូបង្រៀនម្ខាង លោកនាយកគាត់ធ្វើការម្ខាង។ ចំណែកសិស្សខ្លះទៀត ក៏មានតុអង្គុយរៀន តែត្រូវអង្គុយរៀននៅក្រៅថ្នាក់ ដោយសារសិស្សច្រើនពេក»។
ជាការពិតណាស់ សិស្សខ្លះមានកន្លែងល្អរៀនហើយ បែរជាមិនចង់រៀន ខ្លះមានការខ្វះខាតសព្វបែបយ៉ាង បែរជាចង់រៀន ខិតខំប្រឹងប្រែងតស៊ូ ដូចជាតាមរយៈរូបភាពដែលបង្ហោះដោយអ្នកគ្រូរូបនេះទៀតសោត បើទោះបីជាខាងសាលាមានការខ្វះខាតក្តី តែទាំងគ្រូ ទាំងសិស្សនៅតែប្រឹង ដោយគ្រូប្រឹងផ្តល់ចំណេះ រីឯកូនសិស្សខំត្រង់ត្រាប់ចំណេះពីគ្រូ ហេតុដូច្នេះហើយ ទើបបានជាមហាជនចំនួនមានការអាណិតអាសូរ ក៏បានជួយដល់ខាងសាលាប្អូនជាហូរហែផងដែរ។
អ្នកគ្រូ កែវ ចិន្ថា បានប្រាប់អោយដឹងថា «សាលារៀនដែលអ្នកគ្រូបង្រៀន គឺសាលាបឋមសិក្សា «ជាន់លែង ភូមិថ្មី» ដោយសាលានេះ ស្ថិតនៅក្នុងភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ»។ សាលារៀនដែលអ្នកគ្រូបង្រៀននេះ មានការខ្វះខាតច្រើន ដូចជា ៖ តុសម្រាប់កូនសិស្សអង្គុយ និងអគារសិក្សាតែម្តង ដោយត្រូវប្តូរវេនបង្រៀនសិស្ស ហើយជួនកាលទៅរៀននៅបណ្ណាល័យក៏មានដែរ។ ហើយបណ្ណាល័យនោះទៀតសោត គឺគ្មានតុឡើយ ដូច្នេះកូនសិស្សត្រូវអង្គុយផ្ទាល់ឥដ្ឋ អាចនិយាយបានថា ពិបាកខ្លះចំពោះកូនសិស្សអ្នកគ្រូនោះ ។
អ្នកគ្រូ កែវ ចិន្ថា បានបន្តទៀតថា «អគារដែលអ្នកគ្រូបង្រៀន គឺមាន៥បន្ទប់ ហើយបន្ទប់ដែលបានធ្វើឡើងនេះ គឺធ្វើអំពីស័ង្កសីជារោងដោល ដូចនេះពេលបង្រៀន ឬអោយកូនសិស្សអាន ឬមួយក៏សូត្រមេលេខម្ដងៗនោះ គឺថ្លង់តែម្ដង ដោយសម្លេងចូលគ្នា មិនដឹងថា តើស្តាប់មួយណា ចោលមួយណានោះទេ0x017d7។ ចំពោះរដូវប្រាំង គឺក្តៅខ្លាំង លុះដល់ពេលរដូវវស្សាវិញ គឺភ្លៀងមកលេង ឬក៏ជ្រាបទឹកជាដើម ពោលគឺសាលាដែលអ្នកគ្រូបង្រៀននេះ មិនងាយស្រួលនោះឡើយ»។
បន្ថែមពីនេះ អ្នកគ្រូ កែវ ចិន្ថា បានបញ្ជាក់ថា «នៅសាលាអ្នកគ្រូក៏មានអគារថ្មផងដែរ ប៉ុន្តែនៅតែមានការខ្វះខាតដដែល»។
អ្នកគ្រូ បានបញ្ជាក់ទៀតថា «កូនសិស្សអ្នកគ្រូ ភាគច្រើនគឺមករៀនបានទៀងទាត់ ទោះបីជានៅជនបទក៏ដោយ ដូច្នេះហើយជាចុងក្រោយ អ្នកគ្រូពិតជាអរគុណដល់ម្ចាស់ជំនួយ ហើយអ្នកគ្រូក៏សំណូមពរបន្ត ដោយអ្នកគ្រូចង់បានអគារ ដើម្បីអោយកូនសិស្សរបស់អ្នកគ្រូទទួលបានចំណេះដឹងដូចជាសិស្សដទៃទៀតផង»៕

អត្ថបទដែលជាប់ទាក់ទង