Banner Detail Top

បរិមាណទឹកភ្លៀងដែលបានធ្លាក់រាយប៉ាយលើភូមិសាស្ត្ររាជធានីភ្នំពេញ មានបរិមាណដល់កម្រិតចាប់ពីជាង៥០មីលីម៉ែត្រដល់១០០មីលីម៉ែត្រ ជាហេតុធ្វើឱ្យមានការលិចលង់ផ្លូវទំនាបមួយចំនួន នៅក្នុងក្រុង

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៣ លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យដឹងថា ទឹកភ្លៀង ដែលបានធ្លាក់លើរាជធានីភ្នំពេញនិងក្រុងតាខ្មៅនាល្ងាចថ្ងៃទី៣ខែកក្កដាមានកម្រិតពីជាង៥០ទៅ១០០មីលីម៉ែត្រក្នុងរយៈពេលខ្លីធ្វើឱ្យមានការលិចលង់តំបន់ទំនាបមួយចំនួននៅក្នុងក្រុងដោយសារហូរចូលលូមិនទាន់ តែទឹកស្រកអស់ទៅវិញនៅប៉ុន្មានម៉ោងបន្ទាប់។ អ្នកនាំពាក្យក្រសួងជំនាញខាងលើបានបង្ហាញឱ្យឃើញពីកម្រិតទឹកភ្លៀងដែលបានធ្លាក់ចូលតម្រងទឹកភ្លៀងនានានៅតាមតំបន់ក្នុងរាជធានីដូចជា នៅតម្រងព្រែកឯង៩០មីលីម៉ែត្រ ,ចាក់អង្រែ១០០មីលីម៉ែត្រ , ទួលសង្កែ៨៣មីលីម៉ែត្រ, បឹងធំ៦៩.៥មីលីម៉ែត្រ, ចោមចៅ៥៤មីលីម៉ែត្រ ,សាក់សំពៅ៦៧មីលីម៉ែត្រ និងនៅតម្រងផ្សារដើម៩៥មីលីម៉ែត្រ។

គួររំលឹកថាក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី២៧ខែមិថុនាកន្លងមបានជូនដំណឹងស្តីពីការព្យាករស្ថានភាពធាតុអាកាសសម្រាប់ពីថ្ងៃទី២៨ខែមិថុនាដល់ថ្ងៃទី៤ខែកក្កដាថានៅក្នុងកំលុងពេលនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបដែលលាតសន្ធឹងលើអាងទន្លេមេគង្គនៃប្រទេសថៃ និងឡាវ គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម បង្កឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ នៅក្នុងសេចក្តីជូនដំណឹងបានសរសេរថា លក្ខណៈធាតុអាកាសបែបនេះធ្វើឱ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៣ទៅ៣៥អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមនិងច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ សម្រាប់តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៤ទៅ៣៦អង្សាសេ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។ ចំពោះតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៥ទៅ២៧អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣២ទៅ៣៤អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

អត្ថបទដែលជាប់ទាក់ទង