យុវជន២នាក់ ជិះម៉ូតូឌុបគ្នា ជ្រុលទៅបុករថយន្តបែនមួយគ្រឿង បើកបរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យរងរបួសទាំង២នាក់
ព្រៃវែង៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ យុវជនវ័យក្មេង២នាក់ ជិះម៉ូតូឌុបគ្នា ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តបែនមួយគ្រឿង ដែលបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យរងរបួសទាំង២នាក់ ត្រូវបាននគរបាលខេត្តព្រៃវែង ចុះអន្តរាគមន៍ និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះ បានកើតឡើងនៅ រសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ថិតនៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧៦-៧៧ តាមបណ្ដោយផ្លូវជាតិលេខ ១ ភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។
យុវជនទាំង២នាក់៖ ទី១.ឈ្មោះ ទេព ពន្លឺ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិសម្លឆៅ ឃុំចន្ទ្រា ស្រុករមាសហែក ខេត្តស្វាយរៀង និងទី២.ឈ្មោះ ឡន ប៊ុនឡូ ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិវត្តពោធិ៍ ឃុំរាម ស្រុករមាសហែក ខេត្តស្វាយរៀង បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1T 4291 ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តបែនមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ចាម 3A 9482 បណ្ដាលឱ្យភាគីខាងម៉ូតូរងរបួសទាំង២នាក់។
នៅមុនពេលកើតហេតុ យុវជនទាំង២នាក់បានជិះម៉ូតូឌុបគ្នាពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុ..ករថយន្តបែនខាងលើ បណ្ដាលឱ្យរងរបួសទាំង២នាក់ ។ ក្រោយកើតហេតុភ្លាមៗ នគរបាលខេត្តព្រៃវែង បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ និងប្រគល់យុវជនទាំង ២នាក់ ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច ។ ចំណែកអ្នកបើកបររថយន្តបែន បានរត់គេចខ្លួនបាត់ស្រមោល។ រីឯវត្ថុតាងម៉ូតូ និងរថយន្ត យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក រងចាំដោះស្រាយបន្តតាមនីតិវិធី៕