Banner Detail Top

ស្ថានភាពធាតុអាកាស នៅភ្នំពេញ ផ្ទៃមេឃមានសភាពអាប់អួរ តែមិនមានភ្លៀងធ្លាក់ទេ

ភ្នំពេញៈ នៅថ្ងៃទី៩ ខែមិថុនា ឆ្នំា២០២៣នេះ ផ្ទៃមេឃមានសភាពអាប់អួរ តែមិនមានភ្លៀងធ្លាក់ទេ។ ជាទូទៅ ភ្លៀងនៅបន្តធ្លាក់ រាយប៉ាយ លើគ្រប់រាជធានី ខេត្ត ជាពិសេស នៅតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាប តែបរិមាណ ថយចុះ និងចាប់ពីក្រោយថ្ងៃទី១៤ ខែមិថុនា ទៅ ស្ថានភាពភ្លៀងធ្លាក់ចុះ ខ្សោយហើយ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យ ដឹងថា ស្ថានភាពធាតុអាកាស ធាតុនៅភ្នំពេញ ថ្ងៃទី៩ ខែមិថុនា នេះ ផ្ទៃមេឃមានសភាពអាប់អួរ តែមិនមានភ្លៀងធ្លាក់ទេ។ ឯបណ្តាខេត្តផ្សេងៗ ភ្លៀងនៅមានបន្តធ្លាក់រាយប៉ាយ។
អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ពីពេលនេះ រហូតដល់ថ្ងៃទី១៣ ខែមិថុនា ស្ថានភាពភ្លៀង នៅមានធ្លាក់រាយប៉ាយជាពិសេស នៅតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាប តែបរិមាណមាន ការថយចុះ និងចាប់ពីក្រោយ ថ្ងៃទី១៤ ខែមិថុនាទៅ ស្ថានភាពភ្លៀងធ្លាក់ជាទូទៅ ចុះខ្សោយហើយ។


ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីការព្យាករស្ថាន ភាពធាតុអាកាស សម្រាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែមិថុនាថាៈ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពី ប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយ លើប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យម ទៅបង្គួរ បង្កឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
នៅក្នុងសេចក្តីជូនដំណឹង បានសរសេរថា លក្ខណៈធាតុអាកាស បែបខាងលើ ធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ ។ បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។ ដោយឡែក ចំពោះបណ្តាខេត្ត–រាជធានី នៅភាគខាងក្រោម បរិមាណភ្លៀង អាចមានកម្រិតថមថយជាងបន្តិច ។
សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣០ ទៅ ៣២ អង្សាសេ។អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ផ្នែកខ្លះអាចច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣០ ទៅ ៣២ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យម ទៅច្រើន ទាំងលើផ្ទៃដី និងផ្ទៃសមុទ្រ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ថែមដោយរលកសមុទ្រ មានកម្ពស់ខ្ពស់ ។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន ដល់សាធារណជន ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើង ជាយថាហេតុ ៕

អត្ថបទដែលជាប់ទាក់ទង