Banner Detail Top

តុលាការវៀតណាមផ្ដន្ទាទោសប្រហារជីវិត បុរសអ្នកជំនួញជនជាតិកូរ៉េខាងត្បូងម្នាក់ ពីបទសម្លាប់បុរសជនជាតិកូរ៉េដូចគ្នា

ប្រទេសវៀតណាម៖ បុរសឃាតករនេះជាអគ្គនាយកក្រុមហ៊ុនគ្រីអេតា វៀតណាម ខំផេនី (Creata Vietnam Company)។ មូលហេតុនៃការប្រព្រឹត្តអំពើមនុស្សឃាតនេះកើតចេញពីបញ្ហាលុយកាក់។

ម៉្លោះហើយ គាត់រៀបចំគម្រោងប្លន់យកទ្រព្យសម្បត្តិ និងសម្លាប់បំបាត់ដាន។ ជនដៃដល់អះអាងថាខ្លួនប្រព្រឹត្តអំពើនេះតែម្នាក់ឯងប៉ុណ្ណោះ។ ក្រោយពេលសម្លាប់រួច, ជនដៃដល់បានកាត់សាកសពជនរងគ្រោះជាកំណាត់ៗថែមទៀត។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានវៀតណាមអ៊ិចប្រែស (Vietnam Express)។
បុរសជាជនដៃដល់អាយុ៣៨ឆ្នាំ ឈ្មោះជុងអ៊ីនឈូល (Jeong In Cheol) រួមជាមួយគ្រួសារបានផ្លាស់ទៅរស់នៅប្រទេសវៀតណាមកាលពីឆ្នាំ២០១០។ នៅឆ្នាំ២០១៨, គាត់រួមជាមួយភរិយា បានបើកក្រុមហ៊ុននៅទីក្រុងហូជីមិញ។ ខែមីនា ឆ្នាំ២០១៩, គាត់ស្គាល់គ្នាជាមួយបុរសជនរងគ្រោះឈ្មោះហានយ៉ុងដុក (Han Young Duk) អាយុ៣៣ឆ្នាំ។ ស្គាល់គ្នាពេលនោះគឺស្គាល់ដោយចៃដន្យ នៅពេលអ្នកទាំង២ញ៉ាំអាហារនៅភោជនីយដ្ឋាននៃសង្កាត់១កន្លែងដែលសម្បូរជនជាតិកូរ៉េខាងត្បូងរស់នៅ។


រាប់អានគ្នាយូរៗទៅកាន់តែស្គាល់គ្នាជិតស្និទ្ធ។ ពួកគេក៏បបួលគ្នារកស៊ីចូលហ៊ុន។ ម្នាក់ៗដាក់លុយ១ពាន់ ៨រយលានដុង ឬស្មើនឹងជាង៧ម៉ឺន ៦ពាន់ដុល្លារ ដើម្បីវិនិយោគទៅលើគម្រោង១ ដែលគ្រប់គ្រងដោយមិត្តភក្តិរបស់ជនដៃដល់ឈ្មោះជុងអ៊ីនឈូល។ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនរងគ្រោះខ្ចីលុយពីជនដៃដល់២ពាន់ ៧រយលានដុង ឬជាង១សែន ១ម៉ឺនដុល្លារដោយគិតការប្រាក់៣០%។ គាត់សន្យាថាខ្ចីតែ២ថ្ងៃប៉ុណ្ណោះដើម្បីបង្វិលលុយឱ្យគេ។ រួចហើយ គាត់នឹងសងត្រឡប់មកវិញ។
ប៉ុន្តែចាំបាត់ ចាំបាត់។ មិនឃើញជនរងគ្រោះយកលុយទៅសង។ ដល់ពេលទារចុះទារឡើង, ជនរងគ្រោះក៏ប្រើសម្ដីខ្លាំង និងទារត្រឡប់មកវិញនូវលុយ១ពាន់ ៨រយលានដុងដែលចូលហ៊ុនជាមួយគ្នា ហើយរកស៊ីខាត។ ជនដៃដល់រងសម្ពាធផ្នែកហិរញ្ញវត្ថុខ្លាំងដោយសារមុខរបររកស៊ីខាត និងលុយដែលឱ្យជនរងគ្រោះខ្ចីនោះជាលុយដែលគាត់ខ្ចីពីបងថ្លៃ និងមិត្តភក្តិ។
ជនដៃដល់ក៏បែកគំនិតចង់ប្រើធម៌ក្ដៅដាក់ជនរងគ្រោះ។ គាត់ទៅផ្សារទិញប្រដាប់ប្រដា១កំផ្លេ។ មានតាំងពីរណាសម្រាប់អារសាច់មនុស្ស, ដង្កាប់, កន្ត្រៃ, ថង់ផ្លាស្ទិច និងស្រោមដៃ។ គាត់រៀបគម្រោងបញ្ឆោតឱ្យជនរងគ្រោះដើរចូលក្នុងអន្ទាក់ និងសម្លាប់ជនរងគ្រោះដើម្បីប្លន់យកទ្រព្យសម្បត្តិ។ គាត់ទិញថ្នាំងុយគេងដប់គ្រាប់កិនឱ្យម៉ដ្ឋដើម្បីរង់ចាំពេលវេលាល្អមកដល់។
សូមជម្រាបថាកន្លែងកើតហេតុជាផ្ទះកម្ពស់៤ជាន់ដែលជនដៃដល់ជួលកាលពីប៉ុន្មានខែមុនដើម្បីធ្វើជាទីស្នាក់ការក្រុមហ៊ុន។ ជួលសុខៗ, គាត់សម្រេចចិត្តឈប់ជួលវិញត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ជាថ្ងៃដែលគាត់សម្លាប់ជនរងគ្រោះ។ នៅល្ងាចនោះ, គាត់បើកឡានដឹកជនរងគ្រោះទៅក្រុមហ៊ុនដើម្បីនិយាយគ្នាពីរឿងជំពាក់លុយ។ ដោយសារគ្មានលុយសង, ជនរងគ្រោះសូមសងជាខ្សែដៃតម្លៃជិត១សែនដុល្លារ។ ជនដៃដល់មិនព្រមទទួល, ដោយយកលេសថាគ្មានលិខិតស្នាមត្រឹមត្រូវ។
ជនដៃដល់ក៏សម្រេចចិត្តសម្លាប់ជនរងគ្រោះដោយដាក់ថ្នាំងុយដេកចូលក្នុងកែវស្រា និងហុចឱ្យជនរងគ្រោះផឹក។ បន្ទាប់ពីជនរងគ្រោះសន្លប់, គាត់ញាត់ស្រោមដៃចូលក្នុងមាត់ជនរងគ្រោះដើម្បីឱ្យថប់ដង្ហើមស្លាប់។ រួចគាត់ពុះច្រៀកសាកសពជនរងគ្រោះជាកង់ៗ ដោយប្រើប្រាស់ឧបករណ៍ដែលគាត់បានត្រៀមទុកតាំងពីមុននេះ។ គាត់ច្រកសាច់ជនរងគ្រោះដាក់ចូលក្នុងវ៉ាលីខ្លះ និងដាក់ចូលទៅក្នុងថង់ពណ៌ខ្មៅខ្លះ។ រួចគាត់ឡើងតាមជណ្ដើរយន្ត យកសាច់ទៅលាក់ទុកនៅជាន់ខាងលើ។
នៅថ្ងៃបន្ទាប់រាងក្បាលព្រលប់បន្តិចទៅហើយ, ម្ចាស់ផ្ទះជួលធ្វើដំណើរទៅមើលផ្ទះរបស់គាត់ដើម្បីរៀបចំសម្អាតដាក់ជួលឱ្យអ្នកផ្សេងទៀត។ នៅក្នុងបន្ទប់ទឹក, គាត់ប្រទះឃើញវ៉ាលីប្រឡាក់សុទ្ធតែឈាម។ នៅក្បែរនោះមានរណា និងដង្កាប់ធំ។

នៅពេលគាត់រូតវ៉ាលី ឃើញសាច់មនុស្សពេញមួយថង់។ បន្ទាប់ពីទទួលរបាយការណ៍នេះ, សមត្ថកិច្ចចុះស៊ើបអង្កេតបន្ថែម និងរកឃើញសាច់មនុស្សនៅក្នុងថង់ផ្លាស្ទិចចំនួនបីទៀតដែលជនសង្ស័យយកទៅប្លុងចោលនៅជាន់ទីបី។ តាមរយៈកាមេរ៉ាសុវត្ថិភាពរបស់អ្នកជិតខាង, គេឃើញជនសង្ស័យបើកឡានដឹកជនរងគ្រោះទៅឈប់នៅទីស្នាក់ការក្រុមហ៊ុន។ ក្រោយមក, ជនសង្ស័យបើកឡានតែម្នាក់ឯងចេញទៅបាត់។ សមត្ថកិច្ចរកឃើញជនសង្ស័យនៅចម្ងាយ៥គីឡូម៉ែត្រពីកន្លែងកើតហេតុ។
នៅក្នុងសវនាការ, ជនសង្ស័យប្រាប់ថាគាត់សម្លាប់ជនរងគ្រោះដើម្បីប្លន់ទ្រព្យសម្បត្តិយកទៅដោះបំណុលគេ។ គាត់មានវិបត្តិហិរញ្ញវត្ថុ។ គាត់សោកស្ដាយ មិនគួរធ្វើអំពើឃោរឃៅដាក់ជនរងគ្រោះដល់ថ្នាក់នេះទេ។ គាត់ស្នើសុំឱ្យតុលាការបន្ធូរបន្ថយទោស។ ប៉ុន្តែតុលាការវៀតណាមមិនអាចអនុគ្រោះទោសឱ្យគាត់ជាដាច់ខាត។ តុលាការយល់ថាអំពើឧក្រិដ្ឋរបស់គាត់ពោរពេញដោយគ្រោះថ្នាក់ និងមានស្ថានទម្ងន់ទោស។ ទី១ គាត់ប្រព្រឹត្តអំពើមនុស្សឃាតគិតទុកជាមុន ដែលត្រូវផ្ដន្ទាទោសប្រហារជីវិត។ ទី២ គាត់ប្រព្រឹត្តអំពើប្លន់គិតទុកជាមុន ដែលត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារ៨ឆ្នាំ។ ដូច្នេះ គាត់ត្រូវតែទទួលទោសប្រហារជីវិត៕

អត្ថបទដែលជាប់ទាក់ទង