Banner Detail Top

ក្រសួងសុខាភិបាល បានរៀបចំគោលដៅរថយន្ដសង្គ្រោះបន្ទាន់ និងរថយន្ដគ្លីនិកចល័ត ជាស្រេច ដើម្បីត្រៀមបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកចូលរួមទស្សនា

(ភ្នំពេញ)៖  ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសចុះពិនិត្យគោលដៅក្រុមគ្រូពេទ្យ ដែលប្រចាំការនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។
លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានបញ្ជាក់ថា ក្នុងពិធិបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក្រសួងសុខាភិបាល បានរៀបចំគោលដៅរថយន្ដសង្គ្រោះបន្ទាន់ និងរថយន្ដគ្លីនិកចល័តជាស្រេច ដើម្បីត្រៀមបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកចូលរួមទស្សនា ក្នុងព្រឹត្ដិការណ៍ដ៏ធំនៅរសៀលនេះ។


លោករដ្ឋមន្ដ្រីបានថ្លែងថា «យើងចុះមកនេះ ដើម្បីពិនិត្យមើលការងារផង និងសម្ដែងនូវការអបអរសាទរ ពិសេសពាំនាំនូវការកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ជូនចំពោះក្រុមវេជ្ជសាស្ដ្រក្រុមពេទ្យទាំងអស់ ទាំងថ្នាក់កណ្ដាល និងក្រោមជាតិ។ ក្នុងព្រឹត្ដិការណ៍បិទស៊ីហ្គេមនៅល្ងាចនេះ យើងក៏បានត្រៀមរថយន្ដសង្គ្រោះបន្ទាន់ ដោយមានក្រុមអ្នកសង្គ្រោះមកជាមួយប្រហែលជាង១ពាន់នាក់ ហើយប្រើប្រាស់រថយន្ដសង្គ្រោះចំនួន ៧៨គ្រឿង ប្រើប្រាស់រថយន្ដគ្លីនិចល័ត ៦គ្រឿង និងសម្រាប់ត្រៀមបម្រុងរថយន្ដសង្គ្រោះ ១៦គ្រឿង»។
សម្រាប់គោលដៅតាមដងផ្លូវរថយន្ដសង្គ្រោះចំនួន ២១គ្រឿង និងមានរថយន្ដគ្លីនិកចល័ត២គ្រឿង តាមដងផ្លូវវិថីឈ្នះ ឈ្នះ (ចុងផ្លូវ), ពហុកីឡដ្ឋានជាតិមរតកតេជោ រថយន្ដសង្គ្រោះ ៣២គ្រឿង និងរថយន្ដគ្លីនិកចល័ត ៤គ្រឿង (ក្នុងបរិវេណស្តាត) ប្រចាំការនៅតាមសណ្ឋាគារ ២៥គ្រឿង ត្រៀមបម្រុងនៅមន្ទីរពេទ្យជាតិមរតកតេជោសន្ដិភាព ១៦គ្រឿង។
លោកសាស្ដ្រាចារ្យបានបន្ដថា «យើងឃើញក្រុមគ្រូពេទ្យយើងខិតខំប្រឹងប្រែងណាស់ ក្នុងការប្រតិបត្ដិការងារផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋយើងទាំងអស់ ដែលមានវត្ដមាននៅក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមនេះ ព្រោះជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ក៏ដូចជាការបម្រើនូវព្រឹត្ដិការណ៍ស៊ីហ្គេម ដែលជាព្រឹត្ដិការណ៍ដ៏ធំលើកដំបូងសម្រាប់កម្ពុជា យើងទាំងអស់គ្នាពិតជារំភើបណាស់ ។ខ្ញុំមកផ្ទាល់នៅពេលនេះ ដើម្បីសម្ដែងនូវការថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យរបស់យើងទាំងអស់ ដែលបានធ្វើការងារបានយ៉ាងល្អ ពិសេសក្រោមកិច្ចសហការជាមួយអាជ្ញាធរ និងកម្លាំងអាវុធហត្ថ»។
ក្នុងឱកាសនោះលោករដ្ឋមន្ដ្រីក៏បានជំរុញលើកទឹកចិត្ដ ឱ្យមន្ដ្រី បុគ្គលិកសុខាភិបាល ខិតខំប្រតិបត្ដិការការងារបន្ដទៅទៀត ដើម្បីផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋយើងឱ្យបានកាន់តែប្រសើរ។
លោករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា លោកក៏ដូចជាប្រជាពលរដ្ឋយើងទាំងអស់ពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ ដែលប្រទេសយើងបានរៀបចំនូវព្រឹត្ដិការណ៍ដ៏ធំមួយនេះ យ៉ាងជោគជ័យ ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ធ្វើបានល្អ និងអស្ចារ្យណាស់ យើងទាំងអស់គ្នាមានសេចក្ដីរំភើប និងមោទនភាពខ្លាំងណាស់ក្នុងនាមជាកូនខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង