Banner Detail Top

កីឡាការិនី ខាន់ ចេសា បានបរិច្ចាគថវិកា ចំនួន ១.០០០ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

ភ្នំពេញ៖ បន្ទាប់ពីប្រជែងបានមេដាយមាស ១គ្រឿង និងមេដាយប្រាក់ ១គ្រឿង លើប្រភេទកីឡាជីជីតស៊ូ (Ji-Jitsu) កីឡាការិនី ខាន់ ចេសា បានបរិច្ចាគថវិកា ចំនួន ១.០០០ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣។

កីឡាការិនី ខាន់ ចេសា ប្រជែងបានមេដាយមាស លើវិញ្ញាសា Ne-Waza NOGI និងមេដាយប្រាក់ លើវិញ្ញាសា Ne-Waza Gi នៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្ចើជាម្ចាស់ផ្ទះ។
ខាន់ ចេសា បាននិយាយថា នាងពិតជាត្រេកអរណាស់ ដែលបានចូលរួមជាមួយ កាកបាទក្រហមកម្ពុជា នៅថ្ងៃនេះ ដោយបាននាំយកថវិកាមួយចំនួន ដែលនាងបាន ពីការប្រកួតស៊ីហ្គេម មកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមជួយដល់ ប្រជាជនដែលងាយគ្រោះបំផុត នៅកម្ពុជា។


កីឡាការិនីរូបនេះ ក៏បានសម្ដែងនូវការសប្បាយរីករាយយ៉ាងខ្លាំង ដែលមានឱកាស ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ជួយដល់ប្រជាពលរដ្ឋយើង ដែលត្រូវការយើង ជួយជាចាំបាច់។
លោកស្រី កិត្ដិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា កន្លងមក កាកបាទក្រហមកម្ពុជា បានប្រើប្រាស់ថវិការបស់សប្បុរសជន លើប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា លើសពីនោះ បានប្រើប្រាស់ទៅលើសកម្មភាពមនុស្សធម៌នានា ដូចជាការជីកអណ្តូង ទឹកស្អាត ផ្ដល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ផ្ដល់ជូនអាជ្ញាធរមីន សាងសង់ផ្ទះ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅតាមមូលដ្ឋាន ពិសេសជួយសាងសង់ផ្ទះ ជូនគ្រួសារ អតីតយុទ្ធជនក្រីក្រ និងមានពិការភាពចំនួន ៦២៨ ខ្នង នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង