អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកវគ្គតម្រង់ទិសស្តីពី ការបំពេញបញ្ជីសំណួរពាក់ព័ន្ធ នឹងព័ត៌មានរបស់មន្ត្រីភូមិតាមប្រព័ន្ធ (Kobo Toolbbox) ជូនដល់ស្មៀនឃុំ-សង្កាត់

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពបើកវគ្គតម្រង់ទិស ស្តីពី ការបំពេញបញ្ជីសំណួរពាក់ព័ន្ធ នឹងព័ត៌មានរបស់មន្ត្រីភូមិតាមប្រព័ន្ធ (Kobo Toolbbox) ជូនដល់ស្មៀនឃុំ-សង្កាត់ ប្រារព្ធធ្វើនៅសាលប្រជុំ (ធំ) សាលាខេត្តបន្ទាយមានជ័យ។
ថ្លែងនាឱកាសនោះ ដើម្បីធានាឱ្យភារកិច្ចរបស់ថ្នាក់ដឹកនាំភូមិស្របតាមបរិបថ នៃការផ្ទេរមុខងារក្នុងក្របខណ្ឌគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងស្រប តាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ និងបន្តកំណត់យក “មនុស្ស” ជាអាទិភាពទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាអាទិភាពបន្តតាមលំដាប់លំដោយ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-ឆ្នាំ២០៣០។
ឯកឧត្ដមបញ្ជាក់ ថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តពង្រឹងធនធានមនុស្ស ជាពិសេស ក្នុង វិស័យសាធារណៈ ដើម្បីពង្រឹងសមត្ថភាពការងារចាប់តាំងពីកម្រិតថ្នាក់ភូមិ រហូតដល់រដ្ឋបាលថ្នាក់កណ្ដាល ដែលជាចលករមួយដ៏សំខាន់ក្នុងការគាំទ្រ និងអនុវត្តការងារ ជាពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាពព្រមទាំង ទទួលបានការពេញចិត្តពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា វគ្គតម្រង់ទិសនេះ រៀបចំឡើងក្នុងគោលបំណងគាំទ្រ និងស្នើឱ្យមានកិច្ចសហការពីរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីបំពេញកម្រងបញ្ជីសំណួរព័ត៌មានបឋមពាក់ព័ន្ធនឹងមន្រ្តីភូមិ រួមមាន មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ព្រមទាំង អ្នកពាក់ព័ន្ធមួយចំនួនទៀតដែលបំពេញការងារជាមួយភូមិ។ ជាការពិតណាស់ទិន្នន័យទាំងនេះជាទិន្នន័យចាំបាច់ និងសំខាន់សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំកែសម្រួលតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ ដើម្បីពង្រឹង និងលើកម្ពស់ដល់កិច្ចការសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានភូមិ ឃុំ សង្កាត់របស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង