អ្នកសារព័ត៌មាន២នាក់ ត្រូវបានខ្មាន់កាំភ្លើងលបបាញ់ប៉ុនប៉ងបាញ់ស..ម្លាប់ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់
ខេត្តស្ទឹងត្រែង ៖ កាលពី យប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ភ្នាក់ងារអ្នកយកព័ត៌មាន២នាក់ត្រូវខ្មាន់កាំភ្លើង ពួនលបបាញ់ប្រហារ ប៉ុនប៉ងមនុស្សឃាត ខណៈជនរងគ្រោះទាំង២នាក់ ក្រោយត្រឡប់មកពីយកព័ត៌មាន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ស្ថិតនៅតំបន់ព្រៃឡង់ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សំណាងល្អអ្នកសារព័ត៌មានទាំង២ ត្រូវបានសមត្ថកិច្ចជំនាញ និងមន្ត្រីឧទ្យានុរក្សក៏បានចុះទៅ អន្តរាគមន៍ដល់ទីតាំងកើតហេតុទាន់ពេល។ សមត្ថកិច្ចស្រាវជ្រាវរហូតបានរកឃើញមានតម្រុយសម្ភារៈនិងឧបករណ៍ របស់ជនសង្ស័យដែលជាខ្មាន់កាំភ្លើង នៅផ្ទះរបស់ជនសង្ស័យ ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់។
ជនរងគ្រោះជាអ្នកសារព័ត៌មានពីរនាក់រងការបាញ់ប្រហារខាងលើ ១ ឈ្មោះថ្លាង តៅ ភ្នាក់ងារអ្នកយកព័ត៌មានឱ្យកាសែត “នគអច្ឆរិយៈ” ២,ឈ្មោះហង្ស ចិន្តា “ហៅហេង” អង្គភាព”នគអច្ឆរិយៈ” ប្រចាំខេត្តស្ទឹងត្រែង។
ជុំវិញរឿងហេតុនេះ លោកថ្លាង តៅ ជាអ្នកយកព័ត៌មានរូបនេះបានបញ្ជាក់ឲ្យដឹងទៀតថា មានប្រជាពលរដ្ឋបានរាយការណ៍មក ថាមានបទល្មើសដឹកជញ្ជូនឈើយ៉ាងសកម្ម លោកក៏បានចុះទៅដល់ ចំណុចទីតាំងខាងលើក៏ប្រទះឃើញមានដឹកជញ្ជូនបទល្មើសព្រៃឈើ យ៉ាងពិតប្រាកដមែន។ ហេតុនេះ លោកបានរាយការណ៍បន្តទៅសមត្ថកិច្ចមជំនាញ មន្ត្រីបរិស្ថានដែលមានស្នាក់ការប្រចាំនៅតំបន់នោះ ហើយសមត្ថកិច្ចបរិស្ថានបានចុះមកបង្ក្រាបភ្លាមៗនោះផងដែរ..! ដោយធ្វើការដកហូតឈើក្ដារជាច្រើនសន្លឹក។
ក្រោយពីសមត្ថកិច្ចចុះទៅដល់ និងបំពេញនីតិវិធីរួចរាល់ លោក ក៏បានធ្វើដំណើរជិះម៉ូតូត្រឡប់ចេញមកដល់ចំណុចផ្លូវបំបែក ទួលស្រែល្បើក ស្ថិតក្នុងភូមិរុន ជិតដល់អូរខ្នាត ក៏បានជួបនិងហេតុការណ៍ មានខ្មាន់កាំភ្លើងពួនសម្ងំស្ទាក់បាញ់ប្រហារ ប៉ុនប៉ងមនុស្សឃាត ទៅលើរូបលោក ដោយប្រើកាំភ្លើងកែច្នៃខ្យល់ បានបាញ់មកលើរូបលោក និងគ្នីគ្នាម្នាក់ទៀតចំនួន៣គ្រាប់ ។ ប៉ុន្តែ សំណាងល្អ ពុំបណ្តាលឲ្យពួកគាត់រងរបួសនោះទេ។
លុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពីឡោមព័ទ្ធផ្ទះ ជនសង្ស័យអស់មួយយប់ ទើបសមត្ថកិច្ចបានឆែកឆេរនិងឈានដល់ឃាត់ខ្លួន ជនសង្ស័យដែលជាខ្មាន់កាំភ្លើង ដែលលបបាញ់ប្រហារមកលើអ្នកសារព័ត៌មាន២រូប យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ដើម្បីធ្វើកំណត់ហេតុ និងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែម។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានពីរនាក់ រួមនិងវត្ថុតាង ម៉ូតូមួយគ្រឿង ម្សៅដែលជាជាតិរំសេវ និងគ្រាប់បាដាងកង់ ហៅគ្រាប់”ឃ្លី” ជាឧបករណ៍សម្រាប់ធ្វើគ្រាប់កាំភ្លើងបាញ់បានមួយចំនួន។
ចំណែកជនសង្ស័យមានឈ្មោះ ពេជ្រ ភិរម្យ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ទី២,មានឈ្មោះសួន វិសា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជនបង្ករទាំងពីរនាក់ខាងលើរួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការនគរបាលខេត្តស្ទឹងត្រែង ក្រោយការស៊ើបសួរពីសមត្ថកិច្ចជំនាញ នៃអធិដ្ឋាននគរបាលស្រុករួចមក ដើម្បីបន្តនីតិវិធីច្បាប់ ៕