រកឃើញសារធាតុគីមី ហាមឃាត់ Formalin ក្នុងគ្រឿងសមុទ្រចំនួន ១៣,៩០ គីឡូក្រាម
ខេត្តបាត់ដំបង៖ មន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប.ខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នេះបានដឹកនាំមន្ត្រី ចុះយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារសហការជាមួយ គណៈគ្រប់គ្រងផ្សារ បានចុះត្រួតពិនិត្យធ្វើតេស្តបឋមលើគ្រឿងសមុទ្រ នំបញ្ចុក ណែម ចំនួន០៦តូប ចំនួន១១គំរូ (មើល Formalin ចំនួន៧គំរូ និងBorax ចំនួន៤គំរូ) នៅផ្សារថ្មី ភូមិ១៣មករា សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជាលទ្ធផល បានរកឃើញមានសារធាតុគីមីហាមឃាត់ Formalin មាននៅក្នុងគ្រឿងសមុទ្រដូចជា ដៃមឹកធំ ចំនួន ១០.០០គីឡូក្រាម និង មឹករំដួល ចំនួន ៣.៩០ គីឡូក្រាម សរុបចំនួន ១៣,៩០គីឡូក្រាម ដែលសារធាតុទាំងនេះធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលទិញយកទៅបរិភោគ។
មន្រ្តីជំនាញបានធ្វើការដកហូតយកមកដុតកម្ទេចចោលនៅសាខាតាមនីតិវិធី និងបានធ្វើការអប់រំដល់អាជីវករឈប់យកមកលក់តទៅទៀត ៕