ដើម្បីកុមារកម្ពុជា! លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តផ្តួចផ្តើមបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ ដែលនឹងបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១ ខែមិថុនាខាងមុខនេះ

(ភ្នំពេញ)៖ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិនឹងរៀបចំ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ រយៈពេល១ខែពេញដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយលោកជំទាវបណ្ឌិត នឹងផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកយុទ្ធនាការនេះ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន ទទួលបាន។
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និតជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដែលបានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមហ៊ុន-សហគ្រាសដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុងគោលបំណងនាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។
តាមរយៈសេចក្តីជូនដំណឹងមូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សាធារណជន, សប្បុរសជន, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស, គ្រឹះស្ថានហិរញ្ញវត្ថុដៃគូ, តារាសម្តែង និងបុគ្គលមានប្រជាប្រិយ ព្រមទាំងអង្គភាព សារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមគាំទ្រផ្សព្វផ្សាយអំពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥នេះ ឱ្យបានទូលំទូលាយ, កាន់តែសកម្ម និងផុសផុល ដើម្បីរួមគ្នានាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារ ព្រមទាំង ស្ត្រីមានផ្ទៃពោះ នៅកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ»។
ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥, សូមបរិច្ចាគតាមរយៈលេខគណនីរបស់មូលនិធិនៅគ្រឹះស្ថានហិរញ្ញវត្ថុទាំង ១៦ ដែលជាដៃគូរ (ដូចមានក្នុងរូបភាពជូនភ្ជាប់) ឬតាមរយៈគណនីរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េរិក ឬតាមរយៈ QR Code ខាងក្រោមនេះ៖

អត្ថបទដែលជាប់ទាក់ទង