ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលជាចំណងដៃរបស់សម្តេចតេជោ
(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាកម្ពស់៣ជាន់ ១៨បន្ទប់ និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាប្រើជាប្រយោជន៍សម្រាប់ការសិក្សារៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋធ្លាប់ជាដែនដីដាច់ស្រយាលមួយក្នុងខេត្តពោធិ៍សាត់។
ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលអគារសិក្សាមិនប្លែកពីកន្លែងដទៃនោះទេ តែអគារសិក្សាលើទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺមានអត្ថន័យណាស់ ព្រោះតំបន់នេះជាអតីតសមរភូមិសង្គ្រាម តំបន់ដាច់ស្រយាល តែឥឡូវក្លាយជាកន្លែងអប់រំបណ្តុះបណ្តាលធនធានមនុស្ស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើគ្មាននយោបាយឈ្នះ-ឈ្នះ និងគោលនយោបាយត្រឹមត្រូវដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទេនោះ ទឹកដីស្រុកវាលវែងនៅតែកប់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការស្រឡាញ់ជាតិ មិនអាចត្រឹមតែនិយាយ ឬសរសេរតាមហ្វេសប៊ុក លើវេទិកា ឬសរសេរតាមសៀវភៅនោះទេ គឺត្រូវដាក់សកម្មភាពជាក់ស្តែងជំរុញកិច្ចអភិវឌ្ឍន៍ប្រទេស អភិវឌ្ឍន៍តំបន់ព្រំដែន ដែលការអភិវឌ្ឍក្លាយជាខឿនការពារព្រំដែន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រសិនបើសម្តេចតេជោ មិនប្រឆាំងការពង្រីកសំណុំរឿងនៅសាលាក្តីខ្មែរក្រហមពីសំណាក់អង្គការសហប្រជាជាតិទេនោះ សង្គ្រាមនឹងផ្ទុះឡើងវិញ ព្រោះអតីតទ័ពខ្មែរក្រហមមិនសុខចិត្តនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យុត្តិធម៌សម្រាប់ខ្មែរព្រោះតែរបបកាប់់សម្លាប់របស់ខ្មែរក្រហមត្រូវទាមទារ ប៉ុន្តែរឹតតែសំខាន់សម្រាប់អ្នករស់ពីរបបខ្មែរក្រហម គឺសុខសន្តិភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អរគុណព្រះសង្ឃនៅខេត្តកោះកុង ផ្តល់កន្លែងឱ្យអ្នកទេសចរសម្រាក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលស្រឡាញ់ជាតិ និងទឹកដីពិតប្រាកដ តាមរយៈការជំរុញកិច្ចអភិវឌ្ឍតាមតំបន់ដាច់ស្រយាល ជាពិសេសការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅកាន់តំបន់ដាច់ស្រយាល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នរណានិយាយអ្វីក៏និយាយទៅ តែរាជរដ្ឋាភិបាលនៅតែបន្តប្រឹងប្រែងធ្វើការងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរមូលដ្ឋានបន្តខិតខំធ្វើការបម្រើប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាដែលគាត់ជួបប្រទះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរអភិបាលខេត្តពោធិ៍សាត់ ដែលបានប្រឹងប្រែងថែទាំអនាម័យ មិនឱ្យមានសំរាមតាមទីសាធារណៈ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រឹមចប់សង្គ្រាម អត់សាលា អត់ផ្លូវ អត់ការងារ គឺពលរដ្ឋនៅតែលំបាក ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានប្រឹងប្រែងដោះស្រាយបញ្ហាជាច្រើន ក្រោយពេលបញ្ចប់សង្គ្រាម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អភិបាលខេត្ត អាជ្ញាធរ និងប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ ជំរុញយុវជនក្នុងខេត្តមិនទាន់មានជំនាញ ឱ្យទៅសិក្សាជំនាញដែលរាជរដ្ឋាភិបាលផ្តល់ជូន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទស្សនៈព្រួយបារម្ភរឿងទឹកដីត្រូវតែមាន ប៉ុន្តែមិនត្រូវបង្កើតគំនិតខ្លាចហួសនោះទេ។ ដើម្បីការពារទឹកដី គឺត្រូវតែប្រឹងប្រែងបង្កើនសមត្ថភាព មិនមែនអង្គុយតែខ្លាច ដោយមិនធ្វើអ្វីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដរាបណាកូនខ្មែរនៅតែកើន គឺរាជរដ្ឋាភិបាលនៅតែបន្តសាងសង់សាលាជូនប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសចង់បានកូនប្រុសម្នាក់ទៀត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំថ្នាក់ដឹកនាំខេត្ត និងគ្រូនៅខេត្តពោធិ៍សាត់ ពង្រឹងអភិបាលកិច្ចសាលារៀន និង អភិវឌ្ឍប្រព័ន្ធអប់រំ ឱ្យកាន់តែរឹងមាំ, មានភាពបុរេសកម្ម, ទំនើបកម្ម និង ឆ្លើយតបទៅនឹងបរិការណ៍ជាតិ និង អន្តរជាតិ ដែលបាន និង កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សតាមរយៈការអនុវត្ត ស្តង់ដាសាលារៀនគំរូ, សាលារៀនគោលដៅ គ.វ.អ និង ការធានាបាននូវ សេវាអប់រំ ដែលមានប្រសិទ្ធភាព និងគុណភាព ប្រកបដោយសមធម៌, បរិយាបន្ន ព្រមទាំងលើកកម្ពស់ ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរិះរកវិធីសាស្ត្របង្រៀន វិធីសាស្ត្ររៀន និងវិធីសាស្រ្តវាយតម្លៃថ្មី ដែលអាចអនុញ្ញាតឱ្យសិស្សអភិវឌ្ឍបំណិននៃការគិតប្រកបដោយការត្រិះរិះពិចារណាការដោះស្រាយបញ្ហា ដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃ និង អនុវត្តចំណេះដឹងវិទ្យាសាស្ត្រក្នុងជីវិតប្រចាំថ្ងៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យជំរុញការរៀនសូត្រពេញមួយជីវិត និងការអភិវឌ្ឍជំនាញ បង្កើតគំនិតផ្តួចផ្ដើម ដែលលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត សម្រាប់មនុស្សពេញវ័យ ក្នុងការទទួលបាន ឱកាសសិក្សាជាបន្តបន្ទាប់ ដើម្បីរក្សាការប្រកួតប្រជែង និងសម្របខ្លួននៅក្នុងកម្លាំងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយត្រូវលើកកម្ពស់គុណវុឈិ គ្រូបង្រៀនចេញថ្មី និងបន្តធ្វើវិក្រឹតការគ្រូបង្រៀនឱ្យស្របតាមស្ដង់ដា វិជ្ជាជីវៈ គ្រូបង្រៀន រួមទាំងការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងផ្តល់ឧបករណ៍គាំទ្រចាំបាច់ ស្របតាមតម្រូវការក្នុងការអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មី និងការអប់រំឌីជីថល។ គ្រូបង្រៀនគឺជាបេះដូង នៃប្រព័ន្ធអប់រំ, ដូច្នេះតាមរយៈការពង្រឹងជំនាញរបស់គ្រូបង្រៀន ដើម្បីធានាបាននូវការអប់រំ ប្រកបដោយគុណភាព និង ភាពច្នៃប្រឌិតថ្មី និងការផ្សារភ្ជាប់គំនិតច្នៃបង្កើត ទាំងនោះ ទៅនឹងជីវភាពជាក់ស្តែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យយកចិត្តទុកដាក់បន្តធ្វើសមាហរណកម្ម វិស័យបច្ចេកវិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត, បំពាក់បន្ទប់ពិសោធន៍ឌីជីថល, ភ្ជាប់បណ្តាញអគ្គិសនី និងអ៊ីនធើណិត នៅតាមគ្រឹះស្ថានសិក្សា, លើកកម្ពស់គុណវុឌ្ឈ និង សមត្ថភាពឌីជីថលដល់គ្រូបង្រៀន, បញ្ចូលការប្រើប្រាស់បច្ចេកវិទ្យា ទៅក្នុងការបង្រៀន និងរៀន, កែលម្អមាតិកាឌីជីថល និង បង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងផ្សព្វផ្សាយវេទិកាឌីជីថល ឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា និងត្រៀមវិធានការឆ្លើយតប និងចូលរួមទប់ស្កាត់ភ្លាមៗ ព្រមទាំងបង្កើនការអប់រំអំពី សុវត្ថិភាពសុខភាពសិក្សា,សុវត្ថិភាពចំណីអាហារ, កែលម្អហេដ្ឋារចនាសម្ព័ន្ធ សុខភាព ដូចជា៖ រៀបចំបន្ទប់សុខភាពស្ដង់ដា, បរិស្ថានសាលារៀនបៃតង សាលារៀនស្អាតគ្មានសំរាម និងការលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យ។ ការដោះស្រាយសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់សិស្សានុសិស្សនៅក្នុងសាលារៀន រួមបញ្ចូលទាំងកម្មវិធីអប់រំ, សុខភាព ផ្លូវចិត្ត និងសុខុមាលភាពនៅក្នុងសាលារៀន។ សាលារៀនត្រូវតែជាកន្លែងសុវត្ថិភាព ដែលចិញ្ចឹមទាំងការសិក្សា និងការលូតលាស់ផ្លូវចិត្ត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា មន្ត្រីនគរបាលដែលបើករថយន្តបុករះបណ្តាលឱ្យអ្នករត់កង់៣ស្លាប់ នឹងត្រូវផ្តន្ទាទោសដោយគ្មានការលើកលែងឡើយ។ រាល់ករណីបង្កគ្រោះបណ្តាលឱ្យអ្នកដទៃស្លាប់ គឺសម្តេចតាមដានការអនុវត្តន៍ច្បាប់ដោយផ្ទាល់។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖៥៥នាទីនាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥, ៕