នាយករដ្ឋមន្ត្រីកម្ពុជា ៖ មន្ត្រីនគរបាលដែលបើករថយន្តបុករះ បណ្តាលឱ្យអ្នករត់កង់៣ស្លាប់ នឹងត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង និងគ្រប់ករណីដែលបង្កឱ្យអ្នកដទៃស្លាប់ដោយសារជាតិស្រវឹង
(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា មន្ត្រីនគរបាលដែលបើករថយន្តបុករះបណ្តាលឱ្យអ្នករត់កង់៣ស្លាប់ នឹងត្រូវផ្តន្ទាទោសដោយគ្មានការលើកលែងឡើយ ហើយរាល់ករណីបង្កគ្រោះបណ្តាលឱ្យអ្នកដទៃស្លាប់ សម្តេចតែងតែតាមដានការអនុវត្តច្បាប់ដោយផ្ទាល់។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាកម្ពស់៣ជាន់ ១៨បន្ទប់ និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាប្រើជាប្រយោជន៍សម្រាប់ការសិក្សារៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋធ្លាប់ជាដែនដីដាច់ស្រយាលមួយក្នុងខេត្តពោធិ៍សាត់។
ពីរបីថ្ងៃមកនេះ មានការជជែកវែកញែកគ្នាច្រើននៅលើបណ្ដាញសង្គម ពីករណីករណីនាយនគរបាលរាជធានីភ្នំពេញម្នាក់ ដែលបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យអ្នកដទៃស្លាប់ និងរងរបួស ព្រមទាំងខូចខាតសម្ភារផ្សេងទៀតនៅមុខក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ដែលមកទល់ពេលនេះ នាយនគរបាលរូបនេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។
បើតាមប្រសាសន៍របស់សម្ដេចបវរធិបតី បានគូសបញ្ជាក់យ៉ាងច្បាស់ថា «មន្ត្រីនគរបាលដែលបើករថយន្តបុករះបណ្តាលឱ្យអ្នករត់កង់៣ស្លាប់ នឹងត្រូវផ្តន្ទាទោសដោយគ្មានការលើកលែងឡើយ»។
សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយមានបាតុភាពជាអកុសល មានគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្ដាលឱ្យអ្នករត់កង់បីម្នាក់ស្លាប់ ដែលអ្នកបង្កជានាយនគរបាលម្នាក់ដែលដល់អាយុចូលនិវត្តន៍ទៅហើយ និងមានជាតិស្រវឹងក្នុងខ្លួន..គោលការណ៍អនុវត្តច្បាប់យើងចាប់ផ្ដើមមកយូរហើយ គឺរាល់ការបុកមនុស្សស្លាប់ដោយមានជាតិស្រវឹងនេះ គឺត្រូវអនុវត្តច្បាប់ម៉ឺងម៉ាត់..មិនមែនត្រឹមតែសងលុយរួចខ្លួននោះទេ មិនថាអ្នកនោះជាអ្នកណានោះទេ..ហើយមិនខុសពីករណីបុកគេស្លាប់ពីក្រោមស្ពានឫស្សីកែវនោះទេ»។
សូមរំលឹកថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ធ្លាប់មានករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ បណ្ដាលឱ្យមនុស្សប្រុសស្រីបួននាក់បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានតុលាការផ្ដន្ទាទោសកម្រិតអតិបរិមាដាក់ពន្ធនាគារចំនួន៥ឆ្នាំ និងពិន័យមិនឱ្យបើកបរ ចំនួន៥ឆ្នាំផងដែរ។
ជាថ្មីម្ដងទៀត សម្ដេចបវរធិបតី ក៏បានថ្លែងសំណូមពរឱ្យប្រជាពលរដ្ឋយល់ជ្រាបពីនីតិវិធីនៃការកសាងសំណុំរឿង មុននឹងបញ្ជូនជនសង្ស័យទៅតុលាការ ដែលជានិច្ចកាលមានរយៈ៤៨ម៉ោង សម្រាប់នគរបាលយុត្តិធម៌រៀបចំសំណុំឯកសារ។ សម្ដេចបានបន្តថា គោលការណ៍នេះ អាជ្ញាធរមានសមត្ថកិច្ចបានអនុវត្តយ៉ាងម៉ឺងម៉ាត់រួចមកហើយ ហើយគោលការណ៍នេះ ត្រូវបានអនុវត្តគ្រប់តួអង្គទាំងអស់ដែលបានប្រព្រឹត្តខុស ដោយគ្មានការលើកលែងនោះទេ៕