សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់អាជ្ញាធរខេត្តស្រុក ក្រុមការងារគណៈពង្រឹងតាមមូលដ្ឋាន ជំរុញការពង្រឹងវិស័យអប់រំ នៅតំបន់ដាច់ស្រយាល
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកទឹកចិត្តដល់អាជ្ញាធរខេត្តស្រុក ក្រុមការងារគណៈពង្រឹងតាមមូលដ្ឋាន ជួយជំរុញការពង្រឹងវិស័យអប់រំ នៅតំបន់ដាច់ស្រយាល ដើម្បីឲ្យប្រជាពលរដ្ឋនៅតំបន់នេះ អាចចេញទៅធ្វើការនៅតំបន់ផ្សេងៗបាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេច អញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជាជីវៈ តាមការណែនាំរបស់សម្ដេច គឺបានប្រជុំគ្នារួចហើយ ដោយទៅថ្ងៃមុខនឹងកំណត់ការសិក្សារបស់សិស្សនៅត្រឹមថ្នាក់ទី១០ថា តើជ្រើសរើសបន្តការសិក្សាសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបែរមកជ្រើសរើសសិក្សាជំនាញវិជ្ជាជីវៈវិញ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានស្នើអាជ្ញាធរយកចិត្តទុកដាក់បញ្ហាតំបន់ទេសចរណ៍បរិស្ថាន លើកទឹកចិត្តវិនិយោគទេសចរណ៍ខ្នាតតូចអភិរក្សតំបន់ទេសចរមួយចំនួន ប្រែក្លាយទៅជាតំបន់អេកូទេសចរណ៍តំបន់បៃតង ដើម្បីបង្កើតការងារ និងចំណូលជូនប្រជាពលរដ្ឋ នៅតាមសហគមន៍ ៕