សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា រៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិលើកទី១៦ ឆ្នាំ២០២៥

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២៥ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិលើកទី១៦ ឆ្នាំ២០២៥ នៅអគារមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ដោយបានអញ្ជើញជាអធិបតីភាពពីឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គោលបំណងផ្សព្វផ្សាយ និងផ្តល់ជាព័ត៌មានដល់អាជីវករ ម្ចាស់ក្រុមហ៊ុនគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា-អន្តរជាតិ សហគ្រាស ពាណិជ្ជករ អាជីវករ និងបណ្ដាអ្នកវិនិយោគលើវិស័យ ធនាគារ និងវិស័យពាក់ព័ន្ធ ផ្សេងៗបានយល់ដឹងអំពីការវិវត្តន៍ទៅមុខ និងចក្ខុវិស័យ យូរអង្វែងរបស់កម្ពុជា លើវិស័យគ្រឿងអលង្ការ និងត្បូងធម្មជាតិកម្ពុជា ការលើកកម្ពស់ស្នាដៃច្នៃប្រឌិតម៉ូត និងស្នាដៃស្រាវជ្រាវលើវិទ្យា សាស្ត្រនិងបច្ចេកវិទ្យា។
លោកជំទាវ ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានសម្តែងនូវគារវកិច្ច និងបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ធ្វើដំណើរពីតាម បណ្តាប្រទេសនានា ក៏ដូចតាមបណ្តាខេត្តផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី បើកសម្ពោធ ពិព័រណ៍ គ្រឿងអលង្ការ និងត្បូងកម្ពុជា-អន្តរជាតិ លើកទី១៦ ឆ្នាំ២០២៥ ថ្ងៃនេះ។ក្នុងរយៈពេលជាង១ឆ្នាំមកនេះ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា សម្រេចបាននូវផ្លែផ្កាថ្មីៗ ជាបន្តបន្ទាប់ បើទោះបីជាឆ្លងកាត់ឧបសគ្គជាច្រើនក្តី។ ក្នុងស្មារតីកិច្ចខិតខំ ប្រឹងប្រែងធ្វើឲ្យបាននូវផលប្រយោជន៍ដល់សមាគម និងលើកស្ទួយកិត្តិសព្ទ ល្បីរន្ទឺរបស់ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ឲ្យរីកសាយភាយលើឆាក អន្តរជាតិ. ដែលការណ៍នេះ នឹងញ៉ាំងឲ្យមានការចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍គ្រឿងអលង្ការ និង ត្បូងមានកម្លៃ នៅក្នុងប្រទេសកម្ពុជា កាន់តែច្រើនកុះករថែមទៀត។ទន្ទឹមគ្នានេះដែរ យើងក៏បានចុះកិច្ចសហការជាមួយសមាគមគ្រឿងអលង្ការបរទេស ដើម្បីងាយស្រួលដល់ពាណិជ្ជករបរទេសមកវិនិយោគលើ វិស័យគ្រឿងអលង្ការ ក្នុង ប្រទេសកម្ពុជាផងដែរ។ សមាគមបរទេសដែលយើងចុះកិច្ចសហការទាំងនោះរួមមាន៖ សមាគមគ្រឿង អលង្ការវៀតណាម, សមាគមគ្រឿងអលង្ការថៃ (AGJA), សមាគគ្រឿងអលង្ការម៉ាឡេស៊ី, សមាគមគ្រឿង អលង្ការឥណ្ឌា ។ល។មិនតែប៉ុណ្ណោះ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ក៏បានចុះកិច្ចសហការជាមួយធនាគារ ABA (Advanced Bank of Asia Limited : ធនាគារវឌ្ឍនៈអាស៊ីចំកាត់) ដើម្បីផ្តល់ភាព ងាយស្រួលដល់សមាជិកសមាជិកាសមាគមក្នុងការបើកគណនីជាក្រុមហ៊ុន ឬគណនីឯកត្តបុគ្គល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានមានប្រសាសន៍ថាពិធីសម្ពោធ “ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិ លើក ទី១៦ ឆ្នាំ២០២៥ ដែលកំពុងប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍លក្ខណៈអន្តរជាតិនេះឡើង ប្រកបដោយភាពច្នៃប្រឌិត រស់រវើក និងសម្បូរបែប។ តាមរយៈការរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្រិតអន្តរជាតិនេះ សមាគមបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាព បុរេសកម្ម ជាក់ស្តែងនិយម និងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញលើក កម្ពស់ និងការតាំងបង្ហាញផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា និងនៅលើឆាក អន្តរជាតិ បង្កើតឱកាសក្នុងការផូផ្គងរវាងធុរជនក្នុងនិងក្រៅប្រទេស ជំរុញអភិវឌ្ឍន៍និងនវានុវត្ត ឧស្សាហកម្មផលិតគ្រឿងអលង្ការ និងកែច្នៃត្បូង ព្រមទាំងផ្សព្វផ្សាយពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគលើវិស័យនេះនៅកម្ពុជា។ ចំពោះសមិទ្ធផល ដែលសមាគមសម្រេចបាននាឆ្នាំកន្លងទៅ ជាពិសេសលើការសម្រេចបាននូវការចុះអនុស្សរណនៃការយោគយល់គ្នាស្តីពីកិច្ចសហការជាមួយសមាគម គ្រឿងអលង្ការបរទេសនានា មាន៖ ប្រទេសវៀតណាម, ព្រះរាជាណាចក្រថៃ, ប្រទេសម៉ាឡេស៊ី, និងប្រទេសឥណ្ឌា ជាសមិទ្ធផលមួយ ដែលស្តែងចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ សមាគមផងដែរ។
សូមបញ្ជាក់ថា ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិ បានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៥ ។ នៅក្នុងពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជានេះ មានស្តង់ជាច្រើន ទាំងស្តង់ជាតិនិងអន្តរជាតិ បានដាក់បង្ហាញនូវ ផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃផ្សេងៗជាច្រើនរបស់ខ្លួន ដល់សាធារណជន បានស្វែងយល់ និងជាវនូវគ្រឿងអលង្ការ និងត្បូងមានតម្លៃផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង