គ្រោះថ្នាក់ចរាចរណ៍ រថយន្ដដឹកទូកុងតឺន័របត់ឆ្លងផ្លូវ ត្រូវរថយន្ដដឹកទំនិញបុក ខ្ទាតប៉ះក្បាលព្រួញថ្មពុះចែកផ្លូវ បាក់អស់១កង់
ភ្នំពេញ៖ រថយន្ដដឹកទំនិញមួយគ្រឿងបើកលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ដដឹកទូកុងតឺន័រដែលបត់ឆ្លងចូលក្រុមហ៊ុនចំពីចំហៀងពេញទំហឹងបណ្ដាលឱ្យខ្ទាតទៅប៉ះក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុគេឃើញមានរថយន្ដដឹកទូកុងតឺន័រមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ4A- 1548 បើកបរដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចមុខក្រុមហ៊ុន ក៏បានបត់ឆ្លងផ្លូវបានពាក់កណ្ដាល ក៏ស្រាប់តែមានរថយន្ដដឹកទំនិញមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3G- 1863 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខ្វះការប្រុងប្រយ័ត្ននិងចាប់ហ្វ្រ័ងមិនជាប់ក៏ទៅបុកចំរថយន្ដដឹកទូកុងតឺន័រពីចំហៀងពេញទំហឹងខ្ទាតទៅប៉ះក្បាលព្រួញថ្មពុះចែកផ្លូវបាក់អស់១កង់រងការខូចខាត។ ដោយឡែករថយន្ដដឹកទំនិញរងការខូចខាតផ្នែកពីមុខយ៉ាងដំណំ ចំណែករថយន្ដដឹកទូកុងតឺន័ររងការខូចខាតផ្នែកពីចំហៀង ។
ហេតុការណ៍នេះគឺសំណាងល្អណាស់ដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហើយបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាសវែងយករថយន្ដទាំង២គ្រឿងទៅរក្សាទុករង់ចាំធ្វើដោះស្រាយគ្នានៅពេលក្រោយ ដោយសារក្នុងហេតុការណ៍នេះធ្វើអោយខូចខាតដល់សម្បត្តិរដ្ឋផងដែរ ៕