នៅចំពោះមុខមេដឹកនាំអារ៉ាប់ លោក ត្រាំ ហៅអ៉ីរ៉ង់ថាជាកម្លាំងអន្តរធាន នៅមជ្ឈិមបូព៌ា

(រីយ៉ាដ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅអ៉ីរ៉ង់ថាជា «កម្លាំងអន្តរធាន» នៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយបន្ទោសទីក្រុងតេហេរ៉ង់សម្រាប់ការបង្កឱ្យមានអស្ថិរភាពក្នុងតំបន់ និងបានព្រមានថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដោយចង់បញ្ជូនទាំងសារព្រមានចុងក្រោយ និងការបើកចំហទ្វារការទូតផង លោក ត្រាំ បាននិយាយថាអ៉ីរ៉ង់ត្រូវតែជ្រើសរើសយករវាងថាតើចង់បន្តបង្កចលាចល ឬក៏ចង់ឆ្ពោះទៅរកសនិ្តភាព។ អ៉ីរ៉ង់តែងតែ ច្រានចោលជារឿយៗចំពោះការចោទប្រកាន់ខ្លួនជាមេបង្កអស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។ តាមលោក ត្រាំ លោកផ្ទាល់ចង់ចុះកិច្ចព្រមព្រៀងថ្មីមួយជាមួយអ៉ីរ៉ង់ ប៉ុន្តែទាល់តែមេដឹកនាំអ៉ីរ៉ង់កែប្រែគោលជំហរ ជាមុនសិន។ «ខ្ញុំចង់ចុះកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់។ ប៉ុន្តែប្រសិនបើមេដឹកនាំអ៉ីរ៉ង់បដិសេធសំណើផ្សះផ្សានេះ…នោះយើងនឹងគ្មានជម្រើសអ្វីផ្សេងទៀត ក្រៅតែពីបង្កើនការដាក់សម្ពាធជាអតិបរមា»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។
ថ្លែងនៅឯកិច្ចប្រជុំកំពូលស្ដីពីការវិនិយោគ ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ ទី១៣ ខែឧសភា លោក ត្រាំ ក៏បានព្រមានដែរថាអ៉ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត ហើយថា សំណើចរចារបស់លោកដើម្បីស្វែងរកកិច្ចព្រមព្រៀងមិនមែនចេះតែមានរហូតនោះទេ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ ក្រោមក្របខណ្ឌនៃការបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេស៣ ក្នុងតំបន់មជ្ឈិមបូព៌ា រួមមានប្រទេស២ផ្សេងទៀត គឺកាតា និងអេមីរ៉ាតអារ៉ាប់រួម៕

អត្ថបទដែលជាប់ទាក់ទង