ផ្លូវខេត្តលេខ ១៤៦B ដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវខេត្តលេខ ១៤៦B គឺជាខ្សែផ្លូវវាងក្រុងដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផ្លូវនេះដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងដែរ។
សូមជម្រាបជូនថា ផ្លូវខេត្តលេខ ១៤៦B ឬវិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស មានប្រវែងប្រមាណ ២០,៦៧គីឡូម៉ែត្រ គិតចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ រហូតដល់ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដែលត្រូវបានស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ និងមានទទឹងតួផ្លូវ ១១ម៉ែត្រ៕