ផ្លូវជនបទក្នុងស្រុក បានស្តារឡើងវិញស្របតាមបច្ចេកទេសក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ ជនបទ
តាកែវ ៖ ផ្លូវជនបទស្ដារឡើងវិញក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ ខ្សែ ប្រវែង ៣ ១០០ ម៉ែត្រ នៅស្រុកព្រៃកប្បាស ស្ថិតក្រោមក្រប- ខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តន៍ស្របតាមបទដ្ឋានបច្ចេកទេសល្អប្រសើរ ក្រោមកញ្ចប់ថវិកាផ្ទាល់របស់រាជរដ្ឋាភិបាល ដើម្បី សម្រួលដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗជូនប្រជាជនគ្រប់ទិសទី។
ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃការងារស្ដារឡើងវិញផ្លូវក្រាល កៅស៊ូពីរជាន់ (DBST) ចំនួន ១ ខ្សែ មាន ២ កំណាត់ ប្រវែងសរុប ៣ ១០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិព្រៃរបង ឃុំព្រៃផ្ដៅ ទៅភូមិតាឡុង ឃុំកំពែង ស្រុកព្រៃកប្បាសខេត្តតាកែវ។
ជុំវិញគម្រោងផ្លូវខាងលើនេះ, ឯកឧត្តម បានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់លើការងារស្តារផ្លូវនេះ ឡើងវិញបានល្អប្រសើរ ដោយបានអនុវត្តទៅតាមផែនការ ស្របតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ, ព្រោះផ្លូវមានសារៈសំខាន់ ណាស់ និងជាសរសៃរឈាមនៃសេដ្ឋកិច្ច មិនថាផ្លូវតាមនៅជនបទ ទីប្រជុំជន ឬនៅទីក្រុងឡើយ ដោយក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាល បានវិនិយោគអស់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងគោលដៅរួមគឺសម្រួលដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗ ជូន ប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេស ដែលជាចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ។
ឯកឧត្តម ប៉ែន ពេជ្រសាលី ក៏បានសំណូមពរដល់អ្នកទទួលការ ធ្វើការត្រួតពិនិត្យលើការងារស្តារឡើងវិញផ្លូវ ឱ្យបានជាប្រចាំ ក្នុងរយៈពេល ១ឆ្នាំ បន្តទៀត ទៅតាមកិច្ចសន្យា និងត្រូវចេះសហការណែនាំបំផុសឱ្យប្រជាជន និងអាជ្ញាធរមូលដ្ឋាន ចូលរួមថែទាំផ្លូវ និងលូ ដោយមានការយាមកាមយ៉ាងហ្មត់ចត់ ជាពិសេសកុំឲ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរណ៍លើផ្លូវ ដើម្បីរក្សាបាននូវគុណភាពឱ្យគង់វង្ស សម្រាប់ការប្រើប្រាស់យូរអង្វែង និងត្រូវចាត់ទុកផ្លូវនេះជារបស់ពួកគាត់គ្រប់ៗគ្នា៕