គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគ្រោះមហន្តរាយអាស៊ានលើកទី៤៦ នាថ្ងៃទី២០ខាងមុខ

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គ.ជ.គ.ម.) បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំកិច្ចប្រជុំ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលខាងមុខ នៅខេត្តសៀមរាប។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំស្តីពីកិច្ចប្រជុំ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៦ របស់អនុគណៈកម្មការ និងគណៈកម្មការទទួលបន្ទុកនីមួយៗ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំពិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានការសាទរពីគ្រប់ភាគីចូលរួមទាំងអស់។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះក្រុមការងារដែលបានខិតខំយកចិត្តទុកដាក់ក្នុងការត្រៀមទុកជាមុន និងបានផ្តល់អនុសាសន៍បំពេញបន្ថែមនូវចំនុចខ្វះខាតមួយចំនួនដល់ក្រុមការងារយកទៅអនុវត្តន៍បន្ត។
សូមជម្រាបថា កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២៣ ខែឧសភា ឆ្នាំ២០២៥ នឹងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីបង្គោលមកពីប្រទេសសមាជិកអាស៊ានទាំង១០ ព្រមទាំងមានការចូលរួមពីប្រទេសទីម័រខាងកើតជាអ្នកអង្កេតការណ៍ ព្រមទាំងតំណាងមកពីសាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និង សាធារណរដ្ឋកូរ៉េ, អគ្គលេខាធិការរងអាស៊ាន, នាយកប្រតិបត្តិមជ្ឈមណ្ឌល-អាហា និងមន្ត្រីជាន់ខ្ពស់តាមអន្តរវិស័យអាស៊ានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង