រដ្ឋសភាកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខ រដ្ឋសភាឡាវរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខ រដ្ឋសភាឡាវរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ។
ការបញ្ជាក់បែបនេះ ក្នុងឱកាសដែលសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួុយឯកឧត្តមនាយឧត្តមសេនីយ៍ វង្សស័ក្ក ផាន់ថាវង្ស (Vongsack Phanthavong) ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខ រដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានក្រុមមិត្តភាព រដ្ឋសភាឡាវ-កម្ពុជា នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
បើតាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដំណើរទស្សនកិច្ចនេះ បានពង្រឹងដល់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនង ចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៦៩ ឆ្នាំមកហើយ។
ជាមួយគ្នានេះ ដំណើរទស្សនកិច្ចនេះ ក៏ជាដំណើរទស្សនកិច្ចពង្រឹងសាមគ្គីភាព លើកកម្ពស់គោលការណ៍ពហុភាគីនិយម ដែលនឹងនាំមកនូវផលប្រយោជន៍ដល់តំបន់ និងសកលលោក នៅក្នុបរិបទដែលសកលលោកកំពុងប្រឈមបញ្ហារួម ត្រូវរួមគ្នាដោះស្រាយដើម្បី ការពារសុខសន្តិភាព ស្ថិរភាពជូនប្រជាពលរដ្ឋ៕