ជ្រូកព្រៃមួយក្បាលត្រូវបានរំដោះពីអន្ទាក់ព្រាន នៅភូមិសាស្ត្រឃុំអន្លង់រាប ស្រុកវាលវែង
(ពោធិ៍សាត់)៖ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុសនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រទះឃើញជ្រូកព្រៃមួយក្បាលទម្ងន់ប្រមាណជា១៥គីឡូក្រាមជាប់អន្ទាក់ព្រាន ពេលកំពុងដើរល្បាតក្នុងភូមិសាស្ត្រ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។
ដោយពិនិត្យឃើញថាសត្វជ្រូកព្រៃនោះនៅរស់ និងនៅមានកម្លាំង ក្រុមការងារបានកាត់ខ្សែអន្ទាក់ដែលជាប់ជើងរបស់វា ឱ្យចូលទៅក្នុងព្រៃវិញ និងបានធ្វើការដោះសារខ្សែអន្ទាក់នៅជុំវិញនោះបានចំនួន ១៥ខ្សែអន្ទាក់។ វត្ថុតាងខ្សែអន្ទាក់ទាំងនេះ ត្រូវបានក្រុមការងារប្រមូលយកមករក្សាទុកនៅស្នាក់ការអូរជាំស្លា(ថ្មដា)។
សូមបញ្ជាក់ថា ការចាប់ ការជួញដូរ ការបរិភោគសត្វព្រៃ ជាទង្វើខុសច្បាប់។ សូមរួមគ្នាបញ្ឈប់ការបរិភោគ ការចាប់ និងជួញដូរសត្វព្រៃ៕