ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញជាសហធិបតីដឹកនាំកិច្ចប្រជុំជាមួយប្រតិភូស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា

ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាសហធិបតីជាមួយលោកស្រី Faith Considine លេខាទី២ ស្ថានទូតអូស្រ្ដាលីប្រចាំកម្ពុជា ដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យលើផែនការការងារសម្រាប់គាំទ្រដល់ក្រសួងធនធានទឹក និងឧតុនិយម នៃកម្មវិធីអភិបាលកិច្ចធនធានទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា រយៈពេល៥ឆ្នាំ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម (ក្បាលថ្នល់)។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះបានពិនិត្យ និងពិភាក្សាលើទិដ្ឋភាពទូទៅនៃការចាប់ផ្តើមសកម្មភាពដំណាក់កាលដំបូងសម្រាប់គាំទ្រដល់ក្រសួងធនធានទឹក និងឧតុនិយម នៃកម្មវិធីអភិបាលកិច្ចធនធានទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជារយៈពេល៥ឆ្នាំ និង ផែនការការងារសកម្មភាពសម្រាប់អនុវត្តកម្មវិធី។
ជាលទ្ធផល ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា កិច្ចប្រជុំបានពិភាក្សា និងទទួលបាននូវមតិយោបល់ដែលជាធាតុចូលសំខាន់ៗ បញ្ចូលក្នុងផែនការសកម្មភាព និងកំណត់កាលបរិច្ឆេទ និងរបៀបវារៈ សម្រាប់កិច្ចប្រជុំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានា ដើម្បីទទួលបានធាតុចូលបន្ថែមទៀត។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិភាក្សាផងដែរ លើការងារជំហានបន្ទាប់សម្រាប់កម្មវិធីត្រូវអនុវត្តបន្ត៕

អត្ថបទដែលជាប់ទាក់ទង