ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អញ្ជើញចូលរួមក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍ ៣០ឆ្នាំនៃកិច្ចព្រមព្រៀងមេគង្គ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តម សុខ ខុម អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងមេគង្គ និងទិវាមេគង្គឆ្នាំ២០២៥(Mekong Day 2025) ក្រោមប្រធានបទ «បន្តភាពជាដៃគូ ដើម្បីអនាគតប្រកបដោយចីរភាព» នៅទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ឯកឧត្តម ឈុន ពុទ្ធារិទ្ធ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍នេះ បានបង្ហាញពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការគ្រប់គ្រងធនធានទឹកទន្លេមេគង្គ និងការចូលរួមយ៉ាងសកម្មរបស់ប្រទេសជាសមាជិកក្នុងតំបន់មេគង្គចំនួនបួនគឺកម្ពុជា ឡាវ ថៃ និងវៀតណាម ហើយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមេគង្គកាលពីឆ្នាំ១៩៩៥។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមអគ្គនាយកបានឱ្យដឹងថា ប្រទេសសមាជិកបានផ្តល់ទស្សនៈសំខាន់ៗលើគន្លឹះនៃភាពជាដៃគូសហការជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការចែករំលែកទិន្នន័យទឹក និងការអភិវឌ្ឍគម្រោងដោយផ្អែកលើយុទ្ធសាស្ត្រអភិវឌ្ឍទន្លេមេគង្គ។ ជាមួយគ្នានេះតំណាងក្រុមប្រឹក្សានៃគណៈកម្មការទន្លេមេគង្គ(MRC) ប្រទេសឡាវ គណៈកម្មាធិការរួមប្រទេសថៃ និងលោកស្រីនាយិកាប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ(MRC) បានបង្ហាញនូវការអបអរសាទរពីជោគជ័យនៃកិច្ចព្រមព្រៀង និងបានសង្កត់ធ្ងន់លើសារសំខាន់នៃភាពជាដៃគូក្នុងការរក្សាទន្លេមេគង្គជាធនធានរួម។
សូមបញ្ជាក់ថា ពិធីដ៏អធិកអធមនេះមានការចូលរួមពីតំណាងប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ(MRC) មន្រ្តីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ(MRC) ឯកអគ្គរដ្ឋទូតប្រទេសនានា និងតំណាងដៃគូអភិវឌ្ឍ ហើយដែលគ្រប់គ្នាបានអះអាងអំពីការបន្តគាំទ្រយ៉ាងរឹងមាំ ចំពោះគោលបំណងរួមក្នុងភាពជាដៃគូ ដើម្បីរក្សាស្ថិរភាពធនធានទឹក និងពង្រឹងសុខុមាលភាពប្រជាពលរដ្ឋក្នុងតំបន់។ ទន្ទឹមនឹងនេះ ទិវាមេគង្គឆ្នាំ២០២៥(Mekong Day 2025) គឺជាព្រឹត្តិការណ៍ដែលសម្គាល់ពីការបន្តភាពសហប្រតិបត្តិការ និងភាពរួបរួមយ៉ាងជាក់ស្តែងរបស់ប្រទេសសមាជិកទាំងបួន ព្រមទាំងជាសញ្ញាបង្ហាញពីការចងក្រងភាពជាដៃគូតាំងពីអតីតកាល ដើម្បីអភិវឌ្ឍន៍នាពេលអនាគតប្រកបដោយសន្តិភាព ស្ថិរភាព និងចីរភាពសម្រាប់ប្រជាជនទាំងមូលក្នុងបណ្តាប្រទេសទន្លេមេគង្គ៕