ឃាត់ខ្លួនអ្នកនេសាទ១១នាក់ ទៅអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេសាទ ក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោត
(ក្រចេះ)៖ អ្នកនេសាទចំនួន១១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួន យកទៅអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេសាទ នៅក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោត និងជីវចម្រុះជលផល ក្នុងភូមិសាស្រ្ត ស្រុកចិត្របុរី ខេត្តក្រចេះ ។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តក្រចេះ បានឲ្យដឹងថា មន្ត្រីជំនាញរដ្ឋបាលជលផល បានសហការជាមួយ និងកម្លាំងនគរបាលការិយាល័យសេដ្ឋកិច្ចនៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ បានចុះធ្វើកាបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោត ព្រមទាំងជីវចម្រុះជលផល នៅចំណុចទីតាំងខាងលើ គឺដកហូតបានទូកម៉ាសុីនចំនួន៨គ្រឿង និងមងបណ្តែតក្រឡាធំប្រវែង១៦០០ម៉ែត្រ ។
ក្នុងនោះសមត្ថកិច្ច ក៏បានឃាត់ខ្លួនអ្នកនេសាទដែលជាម្ចាស់វត្ថុតាងខាងលើចំនួនន១១នាក់ នាំយកទៅធ្វើការសាកសួរ ណែនាំ អប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពនេសាទខុស ច្បាប់ទាំងនេះ រួចទើបអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅលំនៅដ្ឋានវិញ ដោយឡែកចំពោះឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់ត្រូវបានដកហូត និងយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលក្រចេះ៕