កម្ពុជាឈ្នះក្តីលើថៃ ចំនួន២លើក នៅទីក្រុងឡាអេ ទាក់ទងសំណុំរឿងប្រាសាទព្រះវិហារ
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ស្អែកនេះ គឺ ជាខួបឆ្នាំទី ៦៣ ដែលកម្ពុជាបានឈ្នះក្តីលើថៃនៅ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់ ទាក់ទងការទន្រ្ទានទឹកដីកម្ពុជានៅប្រាសាទព្រះវិហារ។
រហូតមកដល់ឆ្នាំ២០១៣ កម្ពុជាបានឈ្នះក្តីលើថៃចំនួន២លើកនៅទីក្រុងឡាអេ ទាក់ទងសំណុំរឿងប្រាសាទព្រះវិហារ។
កម្ពុជាឈ្នះក្តីលើថៃលើកទី១កាលពីថ្ងៃ ទី១៥ ខែមិថុនា ឆ្នាំ១៩៦២៖
សូមរម្លឹកប្រវត្តិទាក់ទងជម្លោះនៅប្រាសាទព្រះវិហារថា បានចាប់ផ្តើមផ្ទុះខ្លាំងនៅឆ្នាំ១៩៥៤ គឺបន្ទាប់ពីកម្ពុជាទើបទទួលបានឯករាជ្យពីបារាំង ស្រាប់តែភាគីថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធ ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។
នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចនរោត្តម សីហនុ បានសម្រេចព្រះទ័យដាក់ពាក្យបណ្តឹងប្រឆាំងនឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡេអេ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឱ្យកម្ពុជា និងទាមទារឱ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ ចេញពីប្រាសាទព្រះវិហារក្រោយ ប្រើពេលតវ៉ាតាមរយៈការទូតជាមួយថៃបានបរាជ័យ។
លុះដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីលើភាគីថៃ ដោយសម្រេចថាប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យ របស់កម្ពុជា ហើយសម្រេចអោយថៃត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្នាំផ្សេងទៀត ដែលឈរជើង នៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជា ព្រមទាំងសម្រេចអោយថៃត្រូវប្រគល់ត្រឡប់មកឱ្យកម្ពុជាវិញ នូវរាល់វត្ថុបុរាណដូចជា រូបចម្លាក់ សិលាចារឹក គ្រឿងចានឆ្នាំងធ្វើអំពីដី។ល។ ដែលថៃបាន យកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទចាប់តាំងពីឆ្នាំ១៩៥៤ មក។
កម្ពុជាឈ្នះក្តីលើថៃលើកទី២ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ពោលគឺ ១២ឆ្នាំមុននេះ៖
សូមរម្លឹកប្រវត្តិទាក់ទងជម្លោះនៅប្រាសាទព្រះវិហារថា បាមចាប់ផ្តើមក្រោយ ប្រាសាទ ព្រះវិហារ ត្រូវបានអង្គការវប្បធម៌ពិភពលោក យូណេស្កូ សម្រេចជាឯកច្ឆន្ទ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងកេ ប៊ិច ប្រទេសកាណាដាកាលពីថ្ងៃទី៧ ខែកក្កដាឆ្នាំ២០០៨។ មួយសប្តាហ៍ក្រោយមក គឺនៅថ្ងៃទី១៥កក្កដា ឆ្នាំ២០០៨ កងទ័ពថៃ បានចូលលុកលុយវត្តកែវសិក្ខាគិរីស្វារៈ ជាប់ប្រាសាទព្រះវិហារ ដែលបណ្តាលឱ្យមានការផ្ទុះអាវុធ រវាងកងទ័ពថៃនិងកម្ពុជា ។
នៅថ្ងៃ២៨ខែមេសា ឆ្នាំ២០១១ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី បានដាក់ពាក្យបណ្តឹងប្រឆាំងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិក្រោយពីថៃបានធ្វើសង្គ្រាម ច្រើនលើកច្រើនសារមកលើកម្ពុជា ដែលគ្រាប់កាំភ្លើងរបស់ថៃ បានបណ្តាលឲ្យ ខូចខាតប្រាសាទព្រះវិហារ ដែលទើបត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ។
លុះដល់ថ្ងៃទី១១វិចិ្ឆកាឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិ ដែលមាន មូលដ្ឋាននៅ ប្រទេស ហូឡង់ បាន សម្រេច ជាឯកឆន្ទ ថា «ដែនដី ទាំងមូល នៃ ជ្រោយប្រាសាទព្រះវិហារ» ឬ មានន័យថា ដែនដី ដែល ស្ថិត ក្នុង តំបន់ ជុំវិញ ប្រាសាទ នេះ គឺ ជា «ដែនដី អធិបតេយ្យរបស់ប្រទេសកម្ពុជា»ព្រមទាំងបានបង្គាប់ ឲ្យប្រទេសថៃដកកងកម្លាំង ប្រដាប់ អាវុធឬ ឆ្មាំ ទាំងឡាយណាចេញ ពីតំបន់ជ្រោយប្រាសាទព្រះវិហារ។ ចាប់ពីពេលនោះមកកម្ពុជាទទួលបានសិទ្ធិគ្រប់គ្រងដីទំហំ ៤,៦គីឡូម៉ែត្រការ៉េ ជាប់នឹងប្រាសាទព្រះវិហារឡើងវិញ៕