កម្ពុជា-គុយបា ជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីផលប្រយោជន៍ពលរដ្ឋទាំងសងខាង
ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។
ជំនួបពិភាក្សានេះ បានលើកឡើងពីទំនាក់ទំងដ៏ល្អរវាងកម្ពុជានិងគុយបា ដែលមកពេលនេះ ឈានដល់ខួបទី៦៥ឆ្នាំ ដោយឈរលើចំណងមិត្តភាពស្មោះត្រង់ និងការជឿជាក់គ្នាទៅវិញទៅមក បានផ្តល់ផលប្រយោជន៍ ជាច្រើនដល់ប្រទេសទំាងពីរ និងសកលលោកផងដែរ។ នៅក្នុងបរិបទដែលស្ថានការណ៍សកលលោកមានការប្រែប្រួលមិនទៀង ជម្លោះភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច គួបផ្សំនិងការកើតឡើងនូវបញ្ហាសន្តិសុខមិនប្រពៃណី មានការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាតជាដើមនោះ ទាមទារឱ្យប្រទេសទំាងពីរពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបន្ថែមទៀត ដើម្បីកាត់បន្ថយហានិភ័យ ជូនពលរដ្ឋ កសាងសុខសន្តិភាព ស្ថិរភាពសង្គម ប្រកបដោយសមធម៌និងបរិយាប័ន្ន។
នៅក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរក៏បានលើកឡើងពីការជំរុញ ការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ រវាងប្រទេសទំាងពីរបន្ថែមទៀតផងដែរ។
សម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងជោគជ័យនានា ដែលលោកជំទាវ ឯកអគ្គរដ្ឋទូត និងសហការី ក៏ដូចជាឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជាមុនៗ សម្រេចបាន គឺបានរួមវិភាគទានដ៏មានតម្លៃដល់ចំណងទាក់ទង និងមិត្ដភាពជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ ដែលមានរយៈពេល ៦៥ ឆ្នាំ មកនេះ កាន់តែមានភាពរឹងមាំ បន្តលូតលាស់ ស៊ីជម្រៅ និងនាំមកនូវផលប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ។
សម្តេចបានគូសបញ្ជាក់ថា កម្ពុជាពិតជាមានមោទនភាព ដែលថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋនៃប្រទេសទាំងពីរបានបន្ដថែរក្សា ពូនជ្រំ មរតកនៃទំនាក់ទំនងដ៏ល្អនេះ តាំងពីថ្នាក់ដឹកនាំជំនាន់មុន រហូតដល់ថ្នាក់ដឹកបច្ចុប្បន្ន និងតទៅជំនាន់ក្រោយៗទៀត ទាំងក្នុងក្របខណ្ឌសភា រដ្ឋាភិបាល និងបក្ស ថែមទៀតផង។ ថ្នាក់ដឹកនាំជំនាន់ថ្មីនៅកម្ពុជា នៅតែប្តេជ្ញាបន្តប្រកាន់ខ្ជាប់នូវទស្សនវិស័យ ក្នុងការបន្ដកិច្ចសហប្រតិបត្ដិការល្អ និងទំនាក់ទំនងជាប្រវត្ដិសាស្រ្ដនេះ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីនានាសំដៅរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។
សម្តេចប្រធានរដ្ឋសភា មានជំនឿយ៉ាងមុតមាំថា ជាមួយនឹងការដឹកនាំប្រកបដោយគតិបណ្ឌិត បញ្ញាឈ្លាសវៃ និងចក្ខុវិស័យច្បាស់លាស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ នៃប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរកម្ពុជា -គុយបា ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នឹងត្រូវបានលើកកម្ពស់ និងពង្រីកកាន់តែទូលំទូលាយ ផ្អែកលើការជឿទុកចិត្តគ្នា គាំទ្រគ្នា គោរពគ្នាទៅវិញទៅមក និងនាំមកនូវផលប្រយោជន៍រួម សម្រាប់ប្រជាជនទាំងសងខាងបន្ថែមទៀត។
លោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងមមាញឹកទទួលជួបពិភាក្សាការងារជាមួយលោកជំទាវនាឱកាសនេះ។
លោកជំទាវឯកអគ្គរដ្ឋទូតបានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។ គុយបា ក៏បានអរគុណដល់កម្ពុជា ដែលបានប្រឆំាងការហ៊ុំព័ទ្ធសេដ្ឋកិច្ចលើប្រទេសគុយបា កន្លងមក។
លោកជំទាវ បានជម្រាបពីលទ្ធផលជោគជ័យជាច្រើន ដែលសម្រេចបាននៅក្នុងបេសកកម្មការទូតរបស់លោកជំទាវ នៅកម្ពុជា នៅក្នុងរយៈពេល១ឆ្នាំមកនេះ ពិសេសការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការជាច្រើន រវាងប្រទេសទំាងពីរ មានទំាងខាងរដ្ឋសភា វិស័យអប់រំ កសិកម្ម និងសុខាភិបាលជាដើម។
លោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា បានថែ្លងការកោតសរសើរ សភាកម្ពុជា រៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ប្រកបដោយជោគជ័យ ទទួលបានផ្លែផ្កាជាទីមោទនសម្រាប់ពលរដ្ឋជាសកលគឺការសម្រេចបាននូវធម្មនុញ្ញសន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី” ដែលជាការផ្តួចផ្តើម ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ គណៈប្រតិភូសភារបស់ប្រទេសគុយបាបានចូលរួមកិច្ចប្រជុំ IPTP និងបានចុះហត្ថលេខាគំាទ្រ ធម្មនុញ្ញសន្តិភាពសកលនោះដែរ។
ក្នុងឱកាសខួបលើកទី៦៥ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ ឯកឧត្តមប្រធានរដ្ឋសភាគុយបា បានផ្ញើសារលិខិតអបអសាទរជូន សម្តេចប្រធានរដ្ឋសភាតាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត។
ឯកឧត្តមប្រធានរដ្ឋសភាគុយបា បានបញ្ជាក់យ៉ាងច្បាស់ពីតម្លៃសំខាន់នៃទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរនៅក្នុងរយៈពេល៦៥ឆ្នាំនេះ។ ក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនេះបន្ថែមទៀត ពិសេសកិច្ចសហប្រតិបត្តិសភាប្រទេសទំាងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង ឯកឧត្តម បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសគុយបា ក្នុងពេលវេលាសមស្របណាមួយ។
សម្តេចប្រធានរដ្ឋសភា ទទួលយកការគោរពអញ្ជើញនេះនិងបានគូសបញ្ជាក់ថា ការខកខានមិនបានបំពេញទស្សនកិច្ចនៅប្រទេសគុយបា នាពេលកន្លងមក ដោយសារ សម្តេចមានការមមាញឹកជាខ្លាំងនៅក្នុងការរៀបចំ ដឹកនាំការងាររបស់រដ្ឋសភា ក៏ដូចជាការបំពេញបេសកកម្មការទូតទៅកាន់បណ្តាប្រទេសជាមិត្តមួយចំនួន និងចូលរួមវេទិអន្តរសភានានា នៅក្នុងនោះ នៅសប្តាហ៍ក្រោយនេះ សម្តេចនឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី ក្រោយពីបានចូលរួមរៀបចំប្រកកបដោយជោគជ័យនៃសមាជរដ្ឋសភានិងព្រឹទ្ធសភាលើកដំបូង ជាប្រវត្តិសាស្រ្ត ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភាតបតាមសំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជំរុញនិងលើកកម្ពស់ ឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋ។ លុះដល់ខែកក្កដាខាងមុខនេះ សម្តេចនឹងដឹកនាំគណៈប្រតិភូចូលរួម កិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី លើកទី១៥ និងសន្និសីទប្រធានសភាពិភពលោកលើកទី១៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលនៅក្នុងឱកាសនោះ សម្តេចមានគម្រោងនឹងជូបពិភាក្សាការងារជាមួយឯកឧត្តមប្រធានរដ្ឋសភាគុយបា មុនការអញ្ជើញទៅបំពេញទស្សនកិច្ចនៅគុយបាដោយផ្ទាល់នោះ។
សម្តេចគូសបញ្ជាក់ថា ក្នុងនាមប្រជាជនកម្ពុជា សម្ដេចសូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅ ជូនរដ្ឋាភិបាល និងប្រជាជនគុយបា ចំពោះការជួយឧបត្ថម្ភ និងការគាំទ្ររបស់មិត្ដគុយបា ក្នុងអំឡុងពេលដែលកម្ពុជាជួបប្រទះ នូវការលំបាកបំផុត ជាពិសេសនៅក្រោយថ្ងៃរំដោះចេញពីរបបខ្មែរក្រហម ជួយស្វែងរកសន្តិភាព ស្តារ កសាងនិងអភិវឌ្ឍប្រទេសកម្ពុជារហូតមកដល់សព្វថ្ងៃ៕