ឃាត់ខ្លួនក្មេងទំនើង ៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូ និងជួបជុំបង្កសំឡេងរំខានពេលយប់
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនគរបាលស្រុកអង្គស្នួល បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ៤នាក់ ក្នុងចំណោមក្រុមក្មេងទំនើងប្រមាណ ៧ទៅ៨នាក់ ដែលជិះម៉ូតូរោទ៍ និងបង្កការជួបជុំដើរលេងមិនចូលផ្ទះ តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងឃុំពើក ព្រមទាំងរឹបអូសបានម៉ូតូ ២គ្រឿង។
ជនសង្ស័យទាំង ៤នាក់ រួមមាន៖ ស៊ិន ម៉េងស៊ឺ (អាយុ ១៨ឆ្នាំ), ហង់ វស្សា (អាយុ ១៩ឆ្នាំ), សម្បត្តិ ជីវ័ន (អាយុ ១៦ឆ្នាំ), និងធឿន វាសនា (អាយុ ១៩ឆ្នាំ); ពួកគេទាំង៤នាក់មានទីលំនៅភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល។ ពួកគេបានសារភាពថា បានជួបជុំគ្នាផឹកស៊ី រួចជិះម៉ូតូដើរលេង។ ឈ្មោះ ស៊ិន ម៉េងស៊ឺ ក៏ធ្លាប់បង្ហោះម៉ូតូ ២ដងផងដែរ។ ជនសង្ស័យទាំង ៤នាក់ គ្មានសារធាតុញៀនក្នុងខ្លួនឡើយ។
ជនសង្ស័យកំពុងត្រូវបានអប់រំរយៈពេល ៤៨ម៉ោង និងម៉ូតូត្រូវបានរក្សាទុក ០៣ខែ ៕