លោកTrump ព្រមានពីការដាក់ពង្រាយកងទ័ពគ្រប់ទីកន្លែង បើការតវ៉ានិងប៉ះទង្គិចគ្នានៅតែពុះកញ្ជ្រោលខ្លាំង
កងកម្លាំងសន្តិសុខបានប៉ះទង្គិចជាមួយក្រុមបាតុករនៅទីក្រុង Los Angeles កាលពីថ្ងៃអាទិត្យ ៨ មិថុនា ខណៈកងឆ្មាំជាតិត្រូវបានបញ្ជូនដោយលោកប្រធានាធិបតី Donald Trump បានដាក់ពង្រាយនៅពាសពេញទីក្រុងនៅថ្ងៃទីបីនៃការតវ៉ាជុំវិញការឆ្មក់បង្ក្រាបរបស់ភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធ។
លោក Trump ដែលបានរឹតត្បិតយ៉ាងតឹងណែនលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ជាផែនការដ៏សំខាន់នៃអាណត្តិទីពីររបស់លោកបានប្តេជ្ញាថា កងទ័ពនឹងធានាច្បាប់ និងសណ្តាប់ធ្នាប់ដ៏រឹងមាំ ខណៈហាក់ដូចជាទុកទ្វារចំហសម្រាប់ការដាក់ពង្រាយទាហាននៅក្នុងទីក្រុងផ្សេងទៀត។
យោធាអាមេរិកបាននិយាយថា ឆ្មាំចំនួន៣០០នាក់ មកពីក្រុមប្រយុទ្ធនៃកងពលតូចថ្មើរជើងលេខ ៧៩ ត្រូវបានបញ្ជូនទៅកាន់ទីតាំងបីដាច់ដោយឡែកពីគ្នានៅក្នុងតំបន់ Los Angeles រដ្ឋ California ហើយកំពុងអនុវត្តសុវត្ថិភាព និងការការពារទ្រព្យសម្បត្តិសហព័ន្ធ និងបុគ្គលិក។
ទាហានដែលពាក់មួកសុវត្ថិភាព និងប្រដាប់ដោយកាំភ្លើង ត្រូវបានឈរជើងនៅមជ្ឈមណ្ឌលឃុំឃាំងសហព័ន្ធក្នុងទីក្រុង Los Angeles ជាទីដែលពួកគេបានចូលរួមជាមួយកងកម្លាំងសន្តិសុខមាតុភូមិ។
ការបាញ់ម្សៅម្រេច និងឧស្ម័នបង្ហូរទឹកភ្នែក ត្រូវបានដាក់គោលដៅទៅលើហ្វូងមនុស្ស រួមទាំងក្រុមអ្នកសារព័ត៌មានផងដែរ ស្របពេលកងកម្លាំងបានរុញក្រុមអ្នកតវ៉ាចេញ ដើម្បីអនុញ្ញាតឱ្យក្បួនរថយន្តចូលទៅកាន់មជ្ឈមណ្ឌលឃុំឃាំង។
ក្រោយមកកងកម្លាំងនគរបាល បានរុញក្រុមបាតុករចេញពីខ្សែបន្ទាត់សហព័ន្ធ ដោយប្រើដំបងឆក់ គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែក ខណៈពួកគេព្យាយាមបំបែកហ្វូងមនុស្ស៕