ឯកឧត្តម ហួត ហាក់ ៖ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម ការរីកចំរើនដ៏ឆាប់រហ័ស និងគោលនយោបាយលើកទឹករបស់រាជរដ្ឋាភិបាលកម្ពុជា បានកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនឡើង

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក ឈិន រតនា កវីនិពន្ធ និងជាប្រធានយុវជនប្រចាំទីក្រុងរិនតុន រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំពាក់ព័ន្ធនឹងវិស័យទេសចរណ៍កម្ពុជា ព្រមទាំងប្រគល់ជូនសៀវភៅ TRAVEL EXPLORATION OF CAMBODIA ដែលសៀវភៅនេះ ផ្តោតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងទនៀមទំលាប់ប្រពៃណី ព្រមទាំងការអភិវឌ្ឍរបស់វិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។
ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមចងក្រងនូវសៀវភៅដ៏មានសារៈសំខាន់ពាក់ព័ន្ធនឹងវិស័យទេសចរណ៍កម្ពុជានេះ ដែលពិតជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា ទៅកាន់ពិភពលោក។
ជាមួយគ្នានេះដែរ លោកប្រធានយុវជន ក៏បានសន្យានឹងជួយសហការផ្សព្វផ្សាយពីសភាពការណ៍ពិតដូចដែលក្រុមការងារបានមកដល់ និងឃើញជាក់ស្តែងថាកម្ពុជា ជាប្រទេសមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ការស្នាក់នៅប្រកបដោយផាសុកភាព ម្ហូបអាហារដ៏មានឱជារស ការកំសាន្តសម្បូរបែប ដែលជំរុញឱ្យភ្ញៀវទេសចរអន្តរជាតិ ក្នុងនោះប្រជាពលរដ្ឋអាមេរិក អញ្ជើញមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង