នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឲ្យកម្លាំងជំនាញបន្ដប្រតិបត្តិការកុំបន្ធូរដៃលើការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន និងជំរុញការផ្សព្វផ្សាយអប់រំ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់កម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសមន្ទីរប្រឆាំងគ្រឿងញៀន ត្រូវបន្ដប្រតិបត្តិការកុំបន្ធូរដៃលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំឆមាសទី១ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ស ថេត ក៏ជំរុញឲ្យផ្ដោតការយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយអប់រំ អំពីផលប៉ះពាល់នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋ ពិសេសអាណាព្យាបាលត្រូវបន្ដយកចិត្តទុកដាក់ចំពោះកូនចៅរបស់ខ្លួន ដើម្បីជៀសឲ្យឆ្ងាយពីគ្រឿងញៀន
ដើម្បីឲ្យការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវសហការជាមួយគ្រប់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធឲ្យបានស្អិតរមួត និងចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាទិសដៅរួមគ្នា។
នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀន នៅតែជាក្តីកង្វល់របស់សកលលោក ប្រទេសនៅក្នុងតំបន់ ក៏ដូចនៅក្នុងប្រទេសកម្ពុជា។ លោកអះអាងថា គ្រឿងញៀន គឺបានបំផ្លាញអនាគតរបស់យុវវ័យ ដែលទំពាំងស្នងឬស្សី ដូច្នេះត្រូវតែរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង