ឃាត់ខ្លួនមុខសញ្ញារក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់ ៥នាក់
បាត់ដំបង៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិស្រះថត ឃុំ ព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរី ដឹកនាំដោយលោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគិរី បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណីរក្សាទុក និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្តែង។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់រួមមាន៖ ១-ឈ្មោះ សាន្ត ភារៈ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ ស្រះថត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង, ២.ឈ្មោះ ងឹម ធី ភេទប្រុសអាយុ ៣២ ឆ្នាំ រស់នៅភូមិ ស្រះថត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង, ៣.ឈ្មោះ ម៉ៅ ផាន់ ភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិស្រះថត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង, ៤.ឈ្មោះ ឡា ឡុង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្រះថត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង និង៥-ឈ្មោះ យ៉ែម សុខជា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃអម្ពាន់ ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុករុក្ខគិរីដើម្បីធ្វើការសាកសួរ។
វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៥ថង់, អំពូលសម្រាប់ជក់ថ្នាំញៀន២ដើម, ទូរស័ព្ទដៃចំនួន២គ្រឿង និងដែកកេះចំនួន៣។
កម្លាំងអធិការដ្ឋាននគរបាលស្រុករុក្ខគិរី កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕