គយកម្ពុជា ណែនាំឱ្យពង្រឹងការនាំចូលផលិតផលសម្រេច និងផលិតផលជិតសម្រេច ដែលបម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅសហរដ្ឋអាម៉េរិក

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីណែនាំឱ្យពង្រឹងប្រសិទ្ធភាពទប់ស្កាត់ការនាំចូលផលិតផលសម្រេច និងផលិតផលជិតសម្រេច របស់គម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) បម្រើឱ្យការនាំចេញ ជាពិសេសនាំចេញទៅអាម៉េរិក។
តាមលិខិត ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ ការនាំចូលផលិតផលសម្រេច និងផលិតផល ជិតសម្រេច ក្នុងគោលបំណងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅកាន់សហរដ្ឋអាម៉េរិក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំបន្ថែម ដូចខាងក្រោម៖
១៖ ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យរូបវន្ត លើការនាំចូលធាតុចូលផលិតកម្មរបស់ គ.ល.គ. ដែលផលិត សម្រាប់នាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិក។
២៖ ករណីរកឃើញបទល្មើស ត្រូវឃាត់ទុក និងបន្តនីតិវិធីជាធរមានសម្រាប់ទំនិញល្មើស។ ដោយឡែក ចំពោះទំនិញផ្សេងទៀត ដែលស្របតាមការប្រកាស ត្រូវសម្រួលជាអតិបរមាដល់ធុរជនក្នុងការយក ទំនិញទៅបម្រើខ្សែច្រវាក់ផលិតកម្ម៕

អត្ថបទដែលជាប់ទាក់ទង