ស្ពានដែកបេឡេ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ជាចំណងដៃសម្រាប់ពលរដ្ឋស្រុកលំផាត់ និងស្រុកកូនមុំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ខេត្តរតនគិរី ៖ ពិធីសម្ពោធ ត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត លោក លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកលំផាត់ និងស្រុកកូនមុំ និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំជ័យឧត្តម និងឃុំជ័យមង្គលយ៉ាងច្រើនកុះករ។
លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានលើកឡើងស្ពាននេះបានសាងសង់រួចរាល់ដោយនាយកដ្ឋានផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតនៅ ចំណុច អូរទទឹងចន្លោះភូមិសាមខាស្ថិតក្នុងឃុំ ជ័យឧត្តម ស្រុកលំផាត់ និងភូមិនាងដី ស្ថិតក្នុងឃុំសិរីមង្គល ស្រុកកូនមុំ មានបណ្តោយ ២៧ម៉ែត្រ ទទឹង៤.២ម៉ែត្រ ។ លោកថា ត្រង់ចំណុចអូរទទឹងនេះពីមុនមកពុំមានស្ពានឆ្លងកាត់ទៅមកនោះទេ ពោលគឺពេលទៅមករកគ្នាប្រជាពលរដ្ឋជិះទូកដរ ចម្លងដោយចំណាយថវិកាជារៀងរាល់ថ្ងៃ។ ដោយមើលឃើញពីទុក្ខលំបាករបស់ ប្រជាពលរដ្ឋ លោក សែ សារ៉ូ និងលោកស្រី ចៃ លឺម៉ៃ ដែលជាម្ចាស់ទូកដរ និងជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ នាងដី ឃុំសិរីមង្គល ស្រុកកូនមុំ បានផ្តួចផ្តើមស្នើសុំ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសអញ្ជើញសម្ពោធ ទំនប់អូតេធិបតីនៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវធិបតី សម្រេចអោយ ឯកឧត្តម ខេង សាម៉េត កងវិស្វកម្ម សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី និង ឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះសិក្សា រៀបចំសំណើសាងសង់ស្ពានដែកបេឡេជូនប្រជាពលរដ្ឋ ទាំងពីរស្រុកទុកជាចំណងដៃតែម្តង។
ថ្លែងទៅកាន់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ នាឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានសម្តែងនូវការសប្បាយរីករាយ និងថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ណាចក្រកម្ពុជាដែលបានផ្តល ស្ពានដែកបេឡេជូនប្រជាពលរដ្ឋ ក្នុងស្រុកលំផាត់និងស្រុកកូនមុំ។ ឯកឧត្តមនប្តថាដោយមើលឃើញពីក្តីកង្វល់ និងសុខទុក្ខប្រជាពលរដ្ឋ និងសិស្សានុសិស្ស សម្តេចមហាបរធិបតីសម្រេចផ្តល់ស្ពានដែកបេឡេទុកជាចំណងដៃថ្មីមួយ សម្រាប់បងប្អូនប្រើប្រាស់ឆ្លងកាត់ និងដឹកជញ្ជូនភោគផលដំណាំ ផ្សេងៗ ជាពិសេស សម្រាប់ សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ស្ត្រីមានផ្ទៃពោះ និងអ្នក ជំងឺទៅកាន់មណ្ឌលសុខភាពបានយ៉ាងឆាប់រហ័សជាដើម និងលែងព្រួយបារម្ភ ចំពោះការធ្វើ ដំណើរឆ្លងកាត់អូរទទឹងនេះទៀតហើយ ព្រោះត្បិត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ក្រុមការងារ ថ្នាក់ជាតិ ថ្នាក់ខេត្ត និងស្រុក ក៏បានគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ហើយ បានជួយសាងសង់ស្ពានថ្មីបានធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងបានជួយសម្រួល ដល់ការ លំបាករបស់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ។
ឯកឧត្តមបន្តថា នៅពេលខាងមុខ រាជរដ្ឋាភិបាលមានគម្រោងស្ថាបនាផ្លូវកៅស៊ូពីចំណុចស្ពានស្រែពកផ្លូវ ជាតិលេខ៧៦ក្នុងស្រុកលំផាត់ ឆ្ពោះមក ផ្លូវជាតិលេខ៧៨ ក្នុងស្រុកកូនមុំហើយនឹងត្រូវធ្វើស្ពាន បេតុងមួយខ្សែដែលឆ្លងកាត់ដងអូរទទឹងនេះផងដែរ។ដូច្នេះ នាពេលអនាគត វាគឺជាសមិទ្ធិផលថ្មីមួយទៀត សម្រាប់ខេត្តរតនគិរី ពីព្រោះថាផ្លូវ នេះមានសារសំខាន់ខ្លាំងណាស់ សម្រាប់បម្រើដល់វិស័យសាធារណៈ និងបម្រើសេចក្តីត្រូវការ របស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ ក្នុងការធ្វើដំណើរឆ្លងកាត់ ចេញចូល ការប្រកបរបរ កសិកម្ម ការដឹកជញ្ជូនទំនិញ និងកសិផលនានា ពីទីជនបទដាច់ស្រយាល ទៅកាន់ទីប្រជុំជន ជាពិសេស ការធ្វើដំណើរនៅក្នុងរដូវវស្សា លែងជួបការលំបាក ដូចពេលមុនៗតទៅទៀត៕