ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស៣០នាក់នៅហ្កាហ្សា រួមទាំងមន្ត្រីសេវាសង្គ្រោះនិងអ្នកកាសែតក្នុងស្រុក
ក្រុមអាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថា ការវាយប្រហារដោយយោធាអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣០នាក់នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ ២៥ ឧសភា រួមទាំងមន្ត្រីសង្គ្រោះជាន់ខ្ពស់មួយរូប និងអ្នកកាសែតម្នាក់ផងដែរ ។
ក្រុមគ្រូពេទ្យបាននិយាយថា ការស្លាប់ចុងក្រោយនេះគឺបណ្ដាលមកពីយុទ្ធនាការដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែល មួយនៅទីក្រុង Khan Younis នៅភាគខាងត្បូង មួយនៅតំបន់ Jabalia នៅភាគខាងជើង និងមួយទៀតនៅតំបន់Nuseirat នៅកណ្តាល ដែនដីហ្កាហ្សាស្រ្ទីប ។
នៅ Jabalia ពួកគេបាននិយាយថា អ្នកកាសែតក្នុងស្រុកឈ្មោះ Hassan Majdi Abu Warda និងសមាជិកគ្រួសារជាច្រើននាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសដែលបានប៉ះចំផ្ទះរបស់លោកកាលពីថ្ងៃអាទិត្យ។
ក្រុមគ្រូពេទ្យបានបន្ថែមថា ការវាយប្រហារតាមផ្លូវអាកាសមួយទៀតនៅតំបន់ Nuseirat បានសម្លាប់លោក Ashraf Abu Nar ដែលជាមន្ត្រីជាន់ខ្ពស់នៅក្នុងអង្គភាពសេវាសង្គ្រោះបន្ទាន់ស៊ីវិលរបស់ដែនដីនេះ និងប្រពន្ធរបស់លោកនៅក្នុងផ្ទះរបស់ពួកគេ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការស្លាប់របស់អ្នកសារព័ត៌មានលោក Abu Warda បានបង្កើនចំនួនអ្នកកាសែតប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅហ្កាហ្សាចាប់តាំងពីខែតុលាឆ្នាំ២០២៣មក ដល់ ២២០នាក់៕