សិស្សសាលា២នាក់ បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបើកម៉ូតូបុករថយន្ត នៅស្រុកមង្គលបូរី
បន្ទាយមានជ័យ៖ ក្មេងសិស្សសាលា២នាក់បាត់បង់ជីវិតភ្លាមៗក្រោយគ្រោះថ្នាក់ចរាចរណ៍បើម៉ូតូបុករថយន្ត។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ០០១/០០២ ក្នុងទីប្រជុំជននៅលើកំណាត់ផ្លូវជាតិលេខ១៥៦D ត្រង់ចំណុចផ្លូវបំបែកខាងត្បូងស្ពានវត្តអញ្ចាញ ស្ថិតក្នុងភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ដំបូងមានរថយន្ត១គ្រឿងម៉ាកHYUNAI LIBERO ពណ៌ស ប្រភេទដឹកទំនិញ ផលិតឆ្នាំ២០០២ ពាក់ផ្លាកលេខកំពង់ចាម2A- 8578 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១៥៦D ក្នុ ងទិសដៅពីលិចទៅកើត លុះដល់ចំណុចខាងលើ បានបត់ឆ្វេងប្តូរគន្លងគោលដៅឡើងស្ពានវត្តអញ្ចាញ ស្របពេលមានម៉ូតូមួយគ្រឿងម៉ាកHONDA DREAM សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខបន្ទាយមានជ័យ1Z-3291 បានធ្វើដំណើរទិសដៅពីកើតទៅលិច (បញ្រ្ចាស់ទិសគ្នា) ក្នុងល្បឿនលឿនបណ្តាលឲ្យហ្រ្វាំងមិនទាន់ក៏បុកចំថ្ពាលមុខរថយន្តចំហៀងខាងស្តាំពេញទំហឹងគ្រោះថ្នាក់កើតឡើងតែម្តង។
ក្រោយគ្រោះថ្នាក់មានមនុស្ស២នាក់បានស្លាប់ ជាសិស្សសាលា៖១/អ្នកបើកបរម៉ូតូឈ្មោះសុង ម៉ាណែត ភេទប្រុស អាយុ១៥ ឆ្នាំសិស្ស រស់នៅភូមិអង្ករខ្មៅ ឃុំគយម៉ែង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ពាក់មួកសុវត្ថិភាពស្លាប់និងកន្លែងកើតហេតុ។ ២/អ្នករួមដំណើរម៉ូតូឈ្មោះសូថាន់វ៉ា ភេទប្រុស អាយុ ១៥ឆ្នាំសិស្ស នៅភូមិស្ទឹងចាស់ ឃុំមង្គលបូរី ខេត្តបន្ទាយមានជ័យមិនពាក់មួកសុវត្ថិភាពស្លាប់និងកន្លែងកើតហេតុ។ សពក្មេងរងគ្រោះទាំង២នាក់ខាងលើត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណក្រោយពេលកើតហេតុគេចខ្លួនបាត់បន្សល់ទុកតែរថយន្តបង្កហេតុ។ម៉ូតូខូចខាតធ្ងន់០១គ្រឿងនិងរថយន្តខូចខាតស្រាល០១គ្រឿងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរីបណ្តោះអាសន្ន។មូលហេតុអ្នកបើកបររថយន្តបត់ឆ្វេងប្តូរគន្លងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន រីឯអ្នកបើកបរម៉ូតូមានល្បឿនលឿន៕