ជនសង្ស័យ បាញ់ស..ម្លាប់ជំនួយការស្ថានទូតអ៊ីស្រាអែលពីរនាក់ ប្រចាំនៅអាមេរិកត្រូវបានចោទប្រកាន់ពីបទឃា..តកម្ម

បុរសកើតនៅទីក្រុងឈីកាហ្គោម្នាក់ ត្រូវបានចាប់ខ្លួន ខណៈជនសង្ស័យតែម្នាក់គត់ក្នុងការបាញ់សម្លាប់បុគ្គលិកស្ថានទូតអ៊ីស្រាអែលពីរនាក់ក្នុងទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍២២ ឧសភា ក្នុងតុលាការសហព័ន្ធពីបទមនុស្សឃាតកម្រិតទី ១ ក្នុងការសម្លាប់ដែលត្រូវបានថ្កោលទោសពីគ្រប់ទិសទីថាជាទង្វើនៃការស្អប់ខ្ពើម។
បុរសវ័យ៣១ឆ្នាំ ឈ្មោះ Elias Rodriguez ឆ្នាំត្រូវបានចោទប្រកាន់ពីបទបើកការបាញ់ប្រហារលើមនុស្សមួយក្រុមកាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ ខណៈពួកគេបានចាកចេញពីព្រឹត្តិការណ៍មួយសម្រាប់អ្នកការទូតវ័យក្មេងដែលរៀបចំដោយគណៈកម្មាធិការជ្វីហ្វអាមេរិក ជាក្រុមតស៊ូមតិដែលគាំទ្រអ៊ីស្រាអែល និងប្រយុទ្ធប្រឆាំងការស្អប់ខ្ពើមសាសនាជ្វីហ្វ។
យោងតាមឯកសារចោទប្រកាន់ ជនដៃដល់ Rodriguez បានប្រាប់នគរបាលនៅកន្លែងកើតហេតុ ថា រូបគេបានធ្វើដើម្បីប៉ាឡេស្ទីន និងតំបន់ហ្កាហ្សា ។សាក្សីបានប្រាប់ថាជនល្មើសបានស្រែកថា ដោះលែងប៉ាឡេស្ទីនទៅ បន្ទាប់ពីរូបគេត្រូវបាននគរបាលចាប់ខ្លួននាំទៅក្នុងមន្ទីរឃុំឃាំង។
ជនរងគ្រោះទាំងពីរនាក់ដែលត្រូវក្មាន់កាំភ្លើងបាញ់សម្លាប់នោះមានឈ្មោះ Yaron Lischinsky អាយុ ៣០ឆ្នាំ ជាបុរស និងស្ត្រីម្នាក់ទៀតឈ្មោះ Sarah Lynn Milgrim អាយុ២៦ ឆ្នាំ ជាគូស្នេហ៍វ័យក្មេងជិតរៀបការ។
មិត្តភក្តិ និងសមាជិកនៃក្រុមតស៊ូមតិ របស់ពួកគេបាននិយាយថា អ្នកទាំងពីរបានប្តេជ្ញាចិត្តក្នុងការកសាងស្ពានរវាងជនជាតិអារ៉ាប់ និងជនជាតិជ្វីហ្វ ក្នុងក្តីសង្ឃឹមនៃការបញ្ចប់ការបង្ហូរឈាមនៅមជ្ឈិមបូព៌ា៕

អត្ថបទដែលជាប់ទាក់ទង