រដ្ឋមន្រ្តីសុខាភិបាលកម្ពុជា ក្នុងជំនួបជាមួយដៃគូរអន្តរជាតិ The Stop TB Partnership នៅក្រុងហ្សឺណែវ “បេ្តជ្ញាចិត្តរួមគ្នា កំចាត់ជំងឺរបេងនៅកម្ពុជា និងនៅសកលលោក”
ភ្នំពេញ ÷ ក្នុងឱកាសចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី ឡូ ស៊ីការឌីទាវ នាយិកាប្រតិបត្តិនៃអង្គការ Stop TB Partnership អំពីកិច្ចសហប្រតិបត្ដិការ ជាមួយភាគីដៃគូនៅក្នុងប្រទេសកម្ពុជា ជាពិសេសកម្មវិធីជាតិកំចាត់ជំងឺរបេង។
ឯកឧត្តមស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការ The Stop TB Partnership ដែលបានឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលកម្ពុជាកន្លងមក ជាពិសេសកម្មវិធីជាតិប្រយុទ្ធនឹងជំងឺរបេង។ លោកស្រីនាយិកាប្រតិបត្តិនៃអង្គការ The Stop TB Partnership បានសំដែងការរីករាយដោយបានទទួលជួបដោយផ្ទាល់ជាមួយឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ជាពិសេសបានសម្តែងចំពោះមុខផ្ទាល់ នូវការដឹងគុណជាអនេកអំពី The Stop TB Partnership ចំពោះការការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ជាមួយកិច្ចសហការស្អិតរមួតជាច្រើនឆ្នាំក្នុងការប្រយុទ្ធប្រឆាំងរោគរបេង រួមគ្នា រហូតបាននាំកម្ពុជាទៅជាប្រទេសគំរូមួយលើឆាកអន្តរជាតិ៕