អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងឆុងឈីង៖ មានក្រុមហ៊ុនអាជីវកម្ម និងវិនិយោគជាង១០០ បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា នៅក្នុង “សន្និសីទផ្សព្វផ្សាយស្ដីអំពីឱកាសវិនិយោគនៅកម្ពុជា”

លោក វណ្ណ វិទ្យា អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង បានអញ្ជើញចូលរួមសន្និសីទផ្សព្វផ្សាយស្ដីអំពីឱកាសវិនិយោគនៅកម្ពុជា “Belt and Road: Cambodia’s Investment Opportunities Chongqing Promotional Symposium” ដែលបានរៀបចំដោយ Asia-Pacific Summit កាលពីពេលថ្មីៗនេះ នៅទីក្រុងឆុងឈីង ខេត្តហ៊ូណាន សាធារណរដ្ឋប្រជាមានិតចិន។

លោកអគ្គកុងស៊ុល បានឱ្យដឹងនាព្រឹកថ្ងៃទី១៩ ខែឧសភានេះថា សន្និសីទនេះរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីការអភិវឌ្ឍជាបន្តបន្ទាប់ និងកាលានុវត្តភាពថ្មីៗនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍រវាងកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ” និងចែករំលែកវិធីសាស្រ្តក្នុងការវិនិយោគនាពេលបច្ចុប្បន្ន អំពីគោលនយោបាយ ទិន្នន័យសេដ្ឋកិច្ចពាក់ព័ន្ធ និងបរិយាកាសវិនិយោគនៅកម្ពុជា និងការចែករំលែកបទពិសោធន៍វិនិយោគផ្ទាល់ខ្លួននៅកម្ពុជាដោយសហគ្រិនចិន។

ក្នុងឱកាសនោះ លោកអគ្គកុងស៊ុល បានបញ្ជាក់ថា មានតំណាងក្រុមហ៊ុនអាជីវកម្ម និងវិនិយោគជាង១០០ ក្រុមហ៊ុន ដែលចាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា រួមទាំងអ្នកចូលរួមសរុបចំនួនប្រមាណជិត ២០០នាក់។

ថ្លែងក្នុងឱកាសនោះ លោកអគ្គកុងស៊ុលកម្ពុជាបានលើកឡើងអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងបានសង្កត់ធ្ថន់លើស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគដែលគាំទ្រដល់វិនិយោគិន និងផ្ដោតជាសំខាន់លើកាលានុវត្តភាពវិនិយោគលើវិស័យសំខាន់ៗរបស់កម្ពុជាផងដែរ។

លោកអគ្គកុងស៊ុលកម្ពុជាបានលើកឡើងនូវដំណោះស្រាយសម្រាប់ដៃគូអាជីវកម្ម និងអ្នកវិនិយោគអាចមានកង្វល់ ឬសំណួរអំពីរបៀបបង្កើតអាជីវកម្មដំបូងនៅកម្ពុជា។ លោកបានលើកឡើងនូវទំនុកចិត្ត និងការធានាសម្រាប់វិនិយោគិន និងដៃគូអាជីវកម្មដោយផ្អែកលើទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន ទឡ្ហីករណ៍នានាអំពីសុវត្ថិភាពក្នុងការវិនិយោគដែលមានស្រាប់ ស្ថិរភាពនយោបាយដ៏រឹងមាំ ភាពសុខសាន្តពីគ្រោះមហន្តរាយធម្មជាតិ បរិស្ថានវិនិយោគដែលមានភាពងាយស្រួលសម្រាប់វិនិយោគិន និងការសម្រួលដល់ការចុះឈ្មោះគម្រោងវិនិយោគថ្មី ដោយការប្រើប្រាស់បញ្ជរច្រកតែមួយដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា ហើយការិយាល័យសេវាច្រកចេញចូលតែមួយនេះគឺដើម្បីសម្រួលដល់អ្នកវិនិយោគ និងដៃគូអាជីវកម្មថ្មីដែលអាចរៀបចំបានយ៉ាងសាមញ្ញ និងងាយស្រួល៕

អត្ថបទដែលជាប់ទាក់ទង